សម្តេចប៉ាបស្នើឲ្យមនុស្សជាតិប្រើប្រាស់ថាមពលប្រកបដោយការទទួលខុសត្រូវ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ថាមពលស្អាតទាមទារឲ្យមនុស្សជាតិទាញថាមពលពីប្រភពកកើតឡើងវិញនិងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។
វ៉ាទីកង់ញូវបានមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងទទួលជួបបុគ្គលិកនៃ ក្រុមហ៊ុនគ្រប់គ្រង ការបញ្ជូនអគ្គិសនីរបស់អ៊ីតាលី កាលពីចុងខែសីហាកន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសនោះ សម្តេចប៉ាបបានសំដែងការ កោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការខិតខំបង្កើតថាមពលស្អាត តម្លាភាព និងការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការងាររបស់ពួកគេសម្រាប់ផលប្រយោជន៍រួម និងបរិស្ថាន។
សម្តេចប៉ាបបានមានបន្ទូលថា មនុស្សបានប្រើប្រាស់ថាមពល កខ្វក់ជាច្រើននៅលើភពផែនដីរបស់យើង ជាពិសេសគឺថាមពល ហ្វូស៊ីល និងប្រភពដែលមិនអាចកកើតឡើងវិញបាន ហើយការទាញថាមពលទាំងនេះក៏បានបង្កឲ្យមានសង្រ្គាមដែលកើត និងជំរុញដោយការស្រេកឃ្លានថាមពល ការកេងប្រវ័ញ្ចដែលគ្មានតម្លាភាពជាដើម។ល។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលនិងលើកទឹកចិត្តឲ្យមនុស្សជាតិខិតខំទាញយកថាមពលដែលកកើតឡើងវិញដែលជាថាមពលស្អាត ហើយក៏តម្រូវឲ្យសង្គមយកចិត្តទុកដាក់នៅលើតម្លាភាពនៃការប្រើប្រាស់ថាមពល និង ទំនួលខុសត្រូវផងដែរ។
នាឱកាសនោះសម្តេចប៉ាបក៏បានរិះគន់នូវគ្រោះមហន្តរាយនៃសង្រ្គាមមកលើប្រភពថាមពល ដោយមានបន្ទូលថា វាមិនមែនជារឿងចៃដន្យទេដែលក្នុងអំឡុងពេលសង្រ្គាម ហេដ្ឋារចនាសម្ព័ន្ធដំបូងគេដែលរងគ្រោះមុនគេនោះ គឺជាបណ្តាញអគ្គិសនី ពីព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់ជីវិតគ្រួសារ និងធ្វើឱ្យសីលធម៌របស់ប្រជាជនធ្លាក់ចុះ៕