សម្តេចប៉ាបលើកទឹកចិត្តឲ្យមានការសន្ទនាក្នុងគ្រួសារ ដើម្បីបន្សាយការយល់ច្រឡំ
ក្នុងសារវីដេអូខ្លីមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសង្កត់ធ្ងន់អំពីភាពស៊ីសង្វាក់គ្នាក្នុងគ្រួសារ ដោយបញ្ជាក់ថា «គ្រួសារដែលមិនសន្ទនាគ្នាគឺជាគ្រួសារដែលស្លាប់»។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារជាវីដេអូខ្លីដែលមានរយៈពេលត្រឹមតែ ២៨ វិនាទី ដែលបានចេញកាលពីថ្ងៃសុក្រសប្តាយ៍មុន សម្តេចប៉ាប បានបញ្ជាក់សារជាថ្មីអំពីតម្លៃដែលជាចំណុចកណ្តាលទំនាក់ទំនងគ្រួសារ ។
សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងគ្រួសារការសន្ទនាគ្នាមានសារៈសំខាន់ណាស់ វាគឺជាធាតុផ្សំដ៏ សំខាន់សម្រាប់ធានាភាពគងវង្សនៃចំណងជីវិតគ្រួសារដែលមានសុខភាពល្អ។
សម្តេចប៉ាបមានបន្ទូលទៀតថា នៅពេលដែលមានការខ្វែងគំនិតគ្នាកើតមានឡើងគឺមានតែកិច្ចសន្ទនាគ្នា ទេដែលអាចបញ្ចប់ចំណុចខ្វះខាតនានា ហើយអាចនឹងកសាងភាពស៊ីសង្វាក់គ្នាក្នុងគ្រួសារឡើងវិញ ។
សម្តេចប៉ាបបានមានបន្ទូលថា ពេលខ្លះមានជម្លោះបន្តិចបន្តួច ប៉ុន្តែនៅពេលដែលខ្វះការសន្ទនាគ្នា វាក៏អាចក្លាយជាបញ្ហាធំក៏ថាបាន ។ ទ្រង់បានមានបន្ទូលថា ការមិននិយាយគ្នាឮជាជម្រើសគឺអាក្រក់ ហើយ ទំនាក់ទំនងក៏ងាយនឹងប្រេះស្រាំផងដែរ៕