សម្តេចប៉ាបលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទនៅទីក្រុងរ៉ូមពង្រឹងសាមគ្គីភាព
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលជួបគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគរ៉ូម នៅឯវិសាលវិហារប៉ាស៊ីលីកា សន្តយ៉ូហាន ឡាតេរ៉ង់ (Basilica of St. John Lateran) ទ្រង់បានអំពាវនាវនៅចំពោះមុខអាជ្ញាធរស៊ីវិល និងគ្រីស្តបរិស័ទដែលជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ មករួមគ្នាដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គមដើម្បីលើកកំពស់ភាតរភាពនិងសាមគ្គីភាពសង្គមឡើងវិញ ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការជួបគ្នានេះបានធ្វើឡើងជាមួយនឹងការទូលអង្វរដល់ព្រះវិញ្ញាណបរិសុទ្ធឲ្យជួយយកចិត្តទុកដាក់ចំពោះចំណងសាមគ្គីភាពនិងភាតរភាពនៅក្នុងសង្គម បន្ទាប់មកសម្តេចប៉ាបបានមានបន្ទូលថា ប៉ាស៊ីលីកា ដែលជានិមិត្តរូបនៃចំណុចកំពូលនៃដំណើរដ៏វែងឆ្ងាយរបស់ព្រះសហគមន៍ ។
ចូលរួមក្នុងព្រឹត្តិការណ៍នេះមានឥស្សរជននយោបាយសំខាន់ៗ រួមទាំងអភិបាលក្រុងរ៉ូម លោក រ៉ូប័តូ ហ្គាលត្យឺរី (Roberto Gualtieri ) មេប៉ូលីស អ្នកជំនាញនិងចិត្តសាស្រ្តសង្គមជាច្រើននាក់។
ប្រភពដដែលបានបន្តថា វត្តមាននៃអ្នកតំណាងដែលបានចូលរួម គឺបានបង្ហាញពីសេចក្តីប្រាថ្នារួមសម្រាប់យុត្តិធម៌ និងភាតរភាពនៅទូទាំងព្រះសហគមន៍ ក្រៅពីនោះក៏មានតំណាងសាសនានានា រួមទាំង សហគមន៍អ៊ីស្លាម មកពីមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាមនៃប្រទេសអ៊ីតាលី និងវិហារអ៊ីស្លាមនៅ ទីក្រុងរ៉ូមផងដែរ៕