សម្តេចប៉ាបរំលេចភាពចាំបាច់នៃសុខដុមរមនាក្នុងសង្គមក្នុងយុគសម័យឌីជីថល
ក្រៅពីសរសើរអំពីសមិទ្ធផលដ៏សំបូរបែបរបស់សិង្ហបុរី នៅក្នុងអំឡុងពេលស្នាក់នៅសិង្ហបុរីនាថ្ងៃទី២នេះ សម្តេចប៉ាបក៏បានរំលេចពីភាពចាំបាច់នៅក្នុងការរក្សាសុខដុមរមនាក្នុងសង្គមនាយុគសម័យឌីជីថលផងដែរ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានចំណាយពេលខ្លះធ្វើការ គូសបញ្ជាក់អំពីសារៈសំខាន់នៃការចិញ្ចឹមបីបាច់ទំនាក់ទំនងរបស់មនុស្សពិតប្រាកដ ជាពិសេសនៅក្នុងយុគសម័យឌីជីថល។
សម្តេចប៉ាបបានជំរុញប្រជាជនសិង្ហបុរីឱ្យប្រើប្រាស់ការជឿនលឿនផ្នែកបច្ចេកវិទ្យាដើម្បី «លើកកម្ពស់ការយោគយល់ និងសាមគ្គីភាព» ជាជាងដាក់បុគ្គលឱ្យនៅដាច់ពីគេក្នុងពិភពនៃ«ទស្សនៈ អរូបី»។
សម្តេចប៉ាបក៏បានសង្កត់ធ្ងន់លើការរួមរស់ជាមួយគ្នា ក្នុង"សុខដុមរមនា" របស់សង្គមតែមួយរួមគ្នា ដោយមានបន្ទូលថា ការដាក់បញ្ចូលនេះគឺ ជាការសម្របសម្រួលដោយភាពមិនលំអៀងនៃអាជ្ញាធរសាធារណៈដែលចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយទាំងអស់គ្នា ដោយធានាថាបុគ្គលគ្រប់រូបអាចរួមចំណែកដល់ផលប្រយោជន៍រួម។
សម្តេចប៉ាបបានបន្តទៀតថា ការគោរពគ្នាទៅវិញទៅមក ការសន្ទនា និងកិច្ចសហប្រតិបត្តិការនេះ គឺមានសារៈសំខាន់ក្នុង “ការជៀសវាងជម្លោះ និងភាពវឹកវរ” ហើយ ធានាថា ការអភិវឌ្ឍន៍នៅតែមានតុល្យភាព និងនិរន្តរភាព។
សម្តេចប៉ាប ក៏បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីសម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរក្សានិរន្តរភាពបរិស្ថាន ដោយទទួលស្គាល់រដ្ឋនេះថា ជាឧទាហរណ៍មួយអំពីរបៀបដែល ប្រទេសតូចៗអាចមានផលប៉ះពាល់យ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបរិស្ថាន។
សម្តេចប៉ាបក៏បានអំពាវនាវឱ្យសិង្ហបុរីបន្តការស្វែងរក ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថាន" និងបានរំលឹកពួកគេថាការខិតខំប្រឹងប្រែងរបស់ពួកគេអាចជំរុញឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នា។