សម្តេចប៉ាបរំលឹកដល់កុមាររងគ្រោះដោយសារសង្រ្គាម
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃ រំលឹកខួបលើកទី ៧៥ នៃអនុសញ្ញាទីក្រុងហ្សឺណែវស្តីអំពីកុមារ ដែលនឹងត្រូវប្រារព្ធនៅសប្តាហ៍នេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានរំលឹកដល់កុមាររងគ្រោះក្នុងសង្រ្គាម ហើយអធិស្ឋានយ៉ាងខ្នះខ្នែងដើម្បីសន្តិភាពពិភពលោក។
សម្តេចប៉ាបបានបន្តរំលឹកនិងរក្សាការចងចាំអំពីកុមារដែលជាជនរងគ្រោះដោយសង្រ្គាមសព្វថ្ងៃ ហើយបាន អំពាវនាវជាថ្មីសុំឲ្យគ្រិស្តបរិស័ទអធិដ្ឋាននិងបួងសួងសុំសន្តិភាព និងបញ្ចប់ការកើនឡើងនៃអំពើហិង្សានៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល លីបង់។
មានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលបានប្រមូលផ្តុំនៅទីលានសន្តសិលាកាលពីថ្ងៃអាទិត្យ សម្តេចប៉ាបបានអធិស្ឋានថា ការកើនឡើងនៃអំពើហិង្សាអាចបញ្ឈប់ ហើយការគោរពចំពោះភាពពិសិដ្ឋនៃជីវិតមនុស្សក្លាយជាអាទិភាពកំពូល។
សម្តេចប៉ាបបានចង្អុលបង្ហាញថា ជារៀងរាល់ថ្ងៃ យើងឃើញថា ការវាយប្រហារដំបូងគឺប្រជាជនស៊ីវិល ជនរងគ្រោះស្លូតត្រង់ជាច្រើន ដូចដែលបានឃើញនៅក្នុងរូបភាពដ៏គួរឱ្យភ័យខ្លាចនៃកុមារដែលត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ។
ព្រះវបិតាដ៏វិសុទ្ធ បានសម្តែងក្តីសង្ឃឹមថា មនសិកាសង្គមគួរតែត្រូវដាស់ ដើម្បីឲ្យក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធ ជីវិត សេចក្តីថ្លៃថ្នូររបស់មនុស្ស និងប្រជាជន ក៏ដូចជាសុចរិតភាពនៃសង្គមស៊ីវិល និងទីកន្លែងគោរពបូជាត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សម្តេចប៉ាបបានកត់សម្គាល់ថា វាជាការសោកស្ដាយដែលឃើញមន្ទីរពេទ្យ និងសាលារៀនត្រូវបានបំផ្លាញក្នុងសង្គ្រាម៕