សម្តេចប៉ាបយាង ជួបជាមួយប្រធានាធិបតីលីប៊ី
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីចុងសប្តាហ៍កន្លងទៅនេះសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានយាងជួបពិភាក្សាជាមួយលោក ចូសេហ្វី នីយូម៉ា បាវកៃ ( Josephy Nyuma Boakai) ប្រធានាធិបតីនៃសាធារណរដ្ឋលីប៊ី ។
ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា បន្ទាប់ពីជួបពិភាក្សានិងចូលគាល់សម្តេចប៉ាប លោក ប្រធានាធិបតី ក៏បានជួបដាច់ដោយឡែកមួយទៀតជាមួយនឹង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីសន្តអសនៈ និង លោក ប៉ូលរីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលផងដែរ ។
ក្នុងអំឡុងពេលនៃជំនួបទាំងនេះ គឺបានដំណើរការទៅមុខក្រោមបរិយាកាស ដ៏ស្និទ្ធស្នាលហើយក៏បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលនិងតួនាទីរបស់ ព្រះសហគមន៍ កាតូលិកក្នុងវិស័យអប់រំ និងការថែទាំសុខភាព ក៏ដូជជាទិដ្ឋភាពមួយចំនួននៃស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ រដ្ឋទាំងពីរភាគី ។
ការសន្ទនាបានបន្តជាមួយនឹងការផ្លាស់ប្តូរមតិលើកិច្ចការអន្តរជាតិនាពេលបច្ចុប្បន្ន ដោយយោងទៅលើស្ថានភាពក្នុងតំបន់ និងបាតុភូតចំណាកស្រុកដែលកំពុងតែក្លាយជាបាតុភូតប្រជាសាស្រ្តមួយរវាងអហ្រ្វិក អឺរ៉ុប និង អាស៊ីចុងបូព៌ា៕