សម្តេចប៉ាបយាងទទួលសាវនាការជាមួយលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានយាងទទួលលោកស្រី ចយចៀ មេឡូនី (Giorgia Meloni)នាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីតាលីនៅក្នុងសវនាការជាលក្ខណឯកជនកាលពីព្រឹកថ្ងៃពុធកន្លងទៅនេះ។
ប្រភពដដែលបានអះអាងថា ជំនួបនេះគឺជាជំនួបផ្លូវការលើកដំបូងរវាងនាយករដ្ឋមន្ត្រីដែលទើបតែត្រឡប់មកទីក្រុងរ៉ូមបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលណាតូ ដោយផ្តោតលើការចំណាយយោធា ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា បន្ទាប់ពីជួបជាមួយនឹងសម្តេចប៉ាបរួច លោកស្រីក៏បានបន្ត ជួបជាបន្តបន្ទាប់ជាមួយ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ ដែលត្រូវបានអមដំណើរដោយលោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ។
សេចក្តីថ្លែងការណ៍បាននិយាយថា "ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលមេដឹកនាំអ៊ីតាលីនិងសន្តអាសនៈបានផ្តោតការពិភាក្សាលើទំនាក់ទំនងល្អដែលមានស្រាប់ ហើយនឹង ការបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាពនៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងជំនួយមនុស្សធម៌នៅហ្គាហ្សា " ។
ការសន្ទនាបានបន្តជាមួយនឹងការពិភាក្សាលើសំណួរមួយចំនួនដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាប្រធានបទដែលចាប់អារម្មណ៍សម្រាប់ព្រះសហគមន៍កាតូលិក និងសង្គមអ៊ីតាលី៕
Daily Program
