សម្តេចប៉ាបយាងជួបជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤កាលពី ព្រឹកថ្ងៃច័ន្ទនេះ បានយាងជួបជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនី លោក នីកូល ផាស៊ីនយ៉ាន ( Nikol Pashinyan )នៅបុរីវ៉ាទីកង់។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មាន សន្តអាសនៈបន្ទាប់ពីជំនួបជាមួយសម្តេចប៉ាប លោកនាយករដ្ឋមន្ត្រីក៏បានជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន អមដោយរដ្ឋមន្រ្តីទទួលបន្ទូល ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ផងដែរ។

សេចក្តីថ្លែងការណ៍បានអះអាងថា ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលនៅលេខាធិការដ្ឋាននៃបុរីវ៉ាទីកង់ មេដឹកនាំទាំងពីរបានបង្ហាញពីការ ពេញចិត្តនៃ ទំនាក់ទំនងល្អរវាង សន្តអាសនៈ និង អាមេនី ដែលជាប្រទេសដែលមានប្រពៃណីគ្រីស្តសាសនាបុរាណមួយ។

សេចក្តីថ្លែងការណ៍បានសន្និដ្ឋានថា ក្នុងពេលជាមួយគ្នានេះដែរ មេដឹកនាំទាំងពីរក៏បានបង្ហាញនូវការយកចិត្តទុកដាក់ពាក់ព័ន្ធនឹង ផលប្រយោជន៍រួម ជាពិសេសតម្រូវការសម្រាប់សន្តិភាព ស្ថិរភាព យូរអង្វែងនៅតំបន់ភាគខាងត្បូង កូកាសសូ  (South Caucasus)៕

Daily Program

Livesteam thumbnail