សម្តេចប៉ាបផ្ញើសារ សម្រាប់សន្និសីទអំពីបម្រែបម្រួលអាកាសធាតុនៅប្រេស៊ីល
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤មិនបានយាងចូលរួមព្រឹត្តិការណ៍ស្តីអំពីបម្រែបម្រួលអាកាសធាតុនៅប្រេស៊ីលទេ ប៉ុន្តែកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ទ្រង់បានផ្ញើសារជាវីដេអូទៅបណ្តាតំណាង អ្នកចូលរួមមកពីព្រះសហគមន៍កាតូលិកដែលបានកំពុងតែចូលរួមព្រឹត្តិការណ៍នេះ។
នៅក្នុងសារជាវីដេអូនោះ សម្តេចប៉ាបឡេអូ បានជំរុញឲ្យលោកអភិបាល និង កាឌីណាល់ ដែលចូលរួមព្រឹត្តិការណ៍នោះ ឲ្យយកចិត្តទុកដាក់និងជំរុញកិច្ចសហប្រតិបត្តិការនានា ហើយបានសង្កត់ធ្ងន់ថាវាមិនយឺតពេលទេ ប្រសិនបើយើងជ្រើសរើសទង្វើជាជាងពាក្យសម្ដីនៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា តំបន់អាម៉ាហ្សូននៅតែជានិមិត្តរូបនៃការតម្រូវការការពារនិងអភិរក្សជាបន្ទាន់។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ចូរជ្រើសរើសក្តីសង្ឃឹម និងសកម្មភាពជាជាងភាពអស់សង្ឃឹម ដោយកសាងសហគមន៍សកលលោកដែលធ្វើការជាមួយគ្នានៅក្នុងការការពារបរិស្ថាន។
សន្និសីទអន្តរជាតិស្តីពីអាកាសធាតុ នៅ ទីក្រុងបេឡេម ប្រទេសប្រេស៊ីល បានដំណើរការទៅអស់មួយសប្ដាហ៍ហើយដោយគ្រោង នឹងត្រូវបិទបញ្ចប់នាចុងសប្តាហ៍នេះ៕