សម្តេចប៉ាបបានអធិដ្ឋានិងអំពាវនាវមេដឹកនាំពិភពលោកឈប់ប្រើប្រាស់អាវុធ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់សារជាថ្មីអំពីការអំពាវនាវរបស់ទ្រង់សម្រាប់ដំណោះស្រាយសម្រុះសម្រួលចំពោះសង្គ្រាមដែលកំពុងបង្កើតនូវសេចក្តីទុក្ខលំបាកនានាលើភពផែនដី ហើយជំរុញឱ្យគ្រប់គ្នា ចូលរួមចំណែកក្នុងការលើកកំពស់ការប្រើប្រាស់ការសន្ទនាជំនួសការប្រើប្រាស់អាវុធ។
កាលពីថ្ងៃអាទិត្យថ្មីៗនេះសម្តេចប៉ាបបានមានបន្ទូលថា ប្រសិនបើគ្របភាគីនៃជម្លោះជុំវិញពិភពលោកចូលរួមក្នុងការសន្ទនា និងបញ្ចប់ជម្លោះវាគឺជារឿងដ៏ប្រសើរបំផុតសម្រាប់មនុស្សជាតិ។
សម្តេចប៉ាបបានមានបន្ទូលថា សង្គ្រាមជាឧបករណ៍នៃបទល្មើសប្រឆាំងនឹងសេរីភាពរបស់ប្រជាជន រីឯការ សន្ទនាជាមធ្យោបាយសម្រាប់ដោះស្រាយជម្លោះអន្តរជាតិ។
សម្តេចប៉ាបបានមានបន្ទូលថា សូមឱ្យគោលការណ៍នេះត្រូវបានអនុវត្តនៅទូទាំងពិភពលោក ពីព្រោះវាគឺជាគោលការណ៍អាចឲ្យសង្រ្គាមឈានទៅបញ្ចប់ ហើយបញ្ហាត្រូវបានដោះស្រាយតាមរយៈច្បាប់ និងការចរចា។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ប្រសិនបើអាវុធត្រូវបានរក្សាទុកឲ្យស្ងៀមស្ងាត់ ហើយទុកឲ្យការសន្ទនាចូលមកជំនួសវិញនោះ វាពិតជាល្អបំផុតសម្រាប់ភពផែនដី។ សូមឲ្យសង្គ្រាមត្រូវបានហាមឃាត់ ហើយបញ្ហាត្រូវបានដោះស្រាយតាមរយៈច្បាប់ និងការចរចា។
ដូចរាល់ដង សម្តេចប៉ាបបានសុំឱ្យគ្រិស្តបរិស័ទ ទាំងអស់ចូលរួមនៅក្នុងការអធិស្ឋានសម្រាប់ ប្រទេសអ៊ុយក្រែនដែលកំពុងរងទុក្ខវេទនា ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា ស៊ូដង់ខាងត្បូង៕