សម្តេចប៉ាបតែងតាំងប្រធានវិទ្យាស្ថានធម្មនុញ្ញបណ្ឌិតសភាវ៉ាទីកង់
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៤ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានតែងតាំង ប្រធានវិទ្យាស្ថានធម្មនុញ្ញបណ្ឌិតសភាវ៉ាទីកង់ថ្មី។
ប្រភពដដែលបានបន្តថា ប្រធានវិទ្យាស្ថានថ្មីនេះ គឺលោកសាស្រ្តាចារ្យ ប៉ាវឡូ ហ្គារូនណា (Paolo Garonna) ជំនួសលោកស្រីសាស្រ្តាចារ្យ អេនណា ម៉ារៀ តារ៉េនតូឡា (Anna Maria Tarantola) ដែលបានដឹកនាំស្ថាប័ននេះតាំងពីឆ្នាំ២០០៨ មក ។
វិទ្យាស្ថានធម្មនុញ្ញបណ្ឌិតសភាវ៉ាទីកង់ត្រូវបានគេដឹងថា គឺជាស្ថាប័នមិនគិតប្រាក់ចំណេញមួយ ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដោយសម្តេចប៉ាបយូហានប៉ូលទី ២ ដើម្បីលើកកំពស់ស្ថាប័នអប់រំនិងជំនឿរបស់ព្រះសហគមន៍កាតូលិក។
លោកសាស្រ្តាចារ្យ ប៉ាវឡូ ហ្គារូនណា ជាសាស្រ្តាចារ្យផ្នែកគោលនយោបាយសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ LUISS Guido Carli ក្នុងទីក្រុងរ៉ូម។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Sapienza នៅទីក្រុងរ៉ូម លោកបានធ្វើការសិក្សា និងស្រាវជ្រាវនៅសហរដ្ឋអាមេរិកនា រដ្ឋ ខាឡូរ៉ាឌូ និងនៅចក្រភពអង់គ្លេសនៅសាកលវិទ្យាល័យ ខេមប្រ៊េត (Cambridge)។
លោកធ្លាប់បានកាន់មុខតំណែងជាច្រើនរួមទាំងលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អឺរ៉ុប អគ្គនាយកការិយាល័យស្ថិតិជាតិនៃប្រទេសអ៊ីតាលី ប្រធានសេដ្ឋវិទូនៅ សមាគមធុរកិច្ចសំខាន់អ៊ីតាលីជាដើម៕