សម្តេចប៉ាបតែងតាំងកាឌីណាល់ដើម្បីដោះស្រាយបញ្ហាប្រឈមនៃមូលនិធិសោធននិវត្តន៍
សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រកាសតែងតាំង លោកកាឌីណាល់ ខេវីន ហ្វារ៉េល (Kevin Farrell) ជាអ្នកគ្រប់គ្រងតែមួយគត់នៃមូលនិធិសោធននិវត្តន៍របស់បុរីវ៉ាទីកង់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងលិខិតដែលប្រកាសដោយការិយាល័យព័ត៌មានសន្តអសនៈសម្តេចប៉ាប បានអំពាវនាវឱ្យមានវិធានការណ៍ជារចនាសម្ព័ន្ធជាបន្ទាន់ដើម្បីសម្រេចបាននូវនិរន្តរភាពរបស់មូលនិធិ។
សម្តេចប៉ាប ក៏បានស្នើសុំអ្នកសហការនិងបាន អំពាវនាវឱ្យមាន "ការផ្លាស់ប្តូរថ្មី " ដើម្បីដោះស្រាយបញ្ហាប្រឈមនៃប្រព័ន្ធសោធននិវត្តន៍របស់បុរីវ៉ាទីកង់ និងធានានូវនិរន្តរភាពសេដ្ឋកិច្ចរបស់សន្តអសនៈទាំងមូល។
នៅក្នុងលិខិតនោះ ព្រះវបិតាដ៏វិសុទ្ធបានពិពណ៌នាការសម្រេចចិត្តនេះថាជា "ជំហានសំខាន់មួយក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រព័ន្ធសោធននិវត្តន៍របស់ព្រះសហគមន៍នឹងជួបប្រទះនាពេលខាងមុខ។
ដោយសង្កត់ធ្ងន់លើភាពបន្ទាន់នៃបញ្ហានេះ សម្តេចប៉ាបបានមានបន្ទូលថា ទិន្នន័យដែលលេចចេញនាពេលនេះ បន្ទាប់ពីការវិភាគស៊ីជម្រៅចុងក្រោយបង្អស់ដែលធ្វើឡើងដោយអ្នកជំនាញឯករាជ្យ បង្ហាញពីអតុល្យភាពអនាគតដ៏ធ្ងន់ធ្ងរនៅក្នុងមូលនិធិ ដែលទំហំរបស់វាមាននិន្នាការកើនឡើងតាមពេលវេលាដែលមូលនិធិពិបាកនឹងដោះស្រាយ។
សម្តេចប៉ាបបានបន្តទៀតថា ៖ «ជាអកុសល ប្រព័ន្ធបច្ចុប្បន្នមិនមានលទ្ធភាពធានាការបំពេញកាតព្វកិច្ចសោធននិវត្តន៍សម្រាប់មនុស្សជំនាន់ក្រោយក្នុងរយៈពេលមធ្យមនោះទេ»។
ព្រះបិតាដ៏វិសុទ្ធ បានពន្យល់ថា ការគ្រប់គ្រងនៃមូលនិធិសោធននិវត្តន៍ គឺជាការផ្តោតសំខាន់នៃការព្រួយបារម្ភសម្រាប់បុព្វជិតបន្តបន្ទាប់ ដែលជំរុញដោយការទទួលខុសត្រូវខាងសីលធម៌ក្នុងការផ្តល់ប្រាក់សោធននិវត្តន៍ដោយយុត្តិធម៌ និងថ្លៃថ្នូរដល់បុគ្គលិកដែលបម្រើការសម្រាប់សន្តអាសនៈ៕