សម្តេចធិបតី ហ៊ុន ម៉ាណែត រំលេចពីខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដើម្បីសុខុមាលភាពសាធារណៈ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលេចពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការផ្សព្វផ្សាយ និងការធ្វើទីផ្សារគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដែលជាផ្នែកមួយនៃកាតព្វកិច្ចក្នុងការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ថ្លែងនាព្រឹកថ្ងៃទី ៧ ខែតុលា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួនពីរ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី សម្តេចធិបតី បានមានប្រសាសន៍ថា វិធានការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្ម និងសកម្មភាពលើកកម្ពស់ការលក់គ្រឿងស្រវឹង ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារអ្នកប្រើប្រាស់ និងរួមចំណែកដល់សុខភាពសាធារណៈ។
សម្តេចធិបតី បានមានប្រសាសន៍ថា ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងប្រមាណ ៦ ០០០ ផ្ទាំងត្រូវបានផ្លាស់ប្តូរ ដោយបច្ចុប្បន្ននៅសល់ត្រឹមតែប្រហែល ១៧ ភាគរយប៉ុណ្ណោះ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថា ចាប់ពីពេលនេះតទៅ រង្វាន់លើកទឹកចិត្ត ឬការផ្សព្វផ្សាយផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុងនៃភេសជ្ជៈគ្រឿងស្រវឹង និងភេសជ្ជៈបង្កើនថាមពល (ភេសជ្ជៈកម្លាំង) នឹងមិនត្រូវបានអនុញ្ញាតឱ្យមានទៀតឡើយ។
សម្តេចបានសង្កត់ធ្ងន់ថា វិធានការកម្រិតការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើផ្ទាំងប៉ាណូ និងការបញ្ចប់ការផ្តល់រង្វាន់លើកទឹកចិត្តបែបនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាស្តែងចេញពីការខិតខំប្រឹងប្រែងយ៉ាងច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតា ឱ្យជួយទប់ស្កាត់កុមារតូចៗមិនឱ្យបរិភោគភេសជ្ជៈបង្កើនថាមពលផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាការព្រួយបារម្ភរបស់បុគ្គល គ្រួសារ ឬសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងសំខាន់សម្រាប់គុណភាពធនធានមនុស្ស ផលិតភាពពលកម្ម និងកំណើនសេដ្ឋកិច្ចទៀតផង។
សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «ដូចគ្នានេះដែរ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតរបស់ជាតិ»។
កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ នីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងបានបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ដោយមានគោលបំណងការពារអ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់ការប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវក្នុងវិស័យនេះ។
