សម្តេចតេជោ ហ៊ុន សែន៖ លី សាម៉េត មិនអាចរួចខ្លួននោះឡើយ
នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមរបស់សម្តេចថា ទោះបីជាលោកលី សាម៉េត ហៅគ្រូមា ដែលធ្លាប់ធ្វើជាទីប្រឹក្សារបស់សម្តេច និងបានយកឈ្មោះសម្តេចឆបោកអ្នកដទៃមានទឹកប្រាក់រាប់លានដុល្លារ សុំទោសសារភាពកំហុសក៏ដោយ ក៏មិនអាចរួចខ្លួននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ»។
សម្តេចក៏បានបញ្ជាឱ្យសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួនចេញវីដេអូសុំទោសក៏ដោយ។
សម្តេចបញ្ជាក់ថា ៖ «លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយនគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ»។
យោងតាមវីដេអូរបស់លោក លី សាម៉េត លោកបានសារភាពថាលោកបានសាងកំហុសដ៏ធ្ងន់ធ្ងរបំផុតដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ ហ៊ុន សែន។
លោកថា ៖ «ខ្ញុំបានយកឈ្មោះសម្តេចទៅប្រើដើម្បីយកលុយពីគេ នេះគឺជារឿងពិត ហើយក៏មិនមែនជាលើកទី១ដែរ ដោយបានកុហកថាថវិកាដែលខ្ញុំយកនោះគឺយកទៅជូនសម្តេចទៀត។ នេះគឺសុទ្ធតែជារឿងដែលខ្ញុំប្រឌិតទាំងអស់ ខ្ញុំបានសាងកំហុសដ៏ធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចដែលនាំឱ្យមហាជនយល់ច្រឡំ»។
លោក លី សាម៉េត បានបន្ថែមថា អ្វីដែលលោកបានធ្វើគឺសម្តេចតេជោមិនបានដឹងរឿងអ្វីទាំងអស់ តែលោកបានយកឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែនទៅប្រើដើម្បីតែផលប្រយោជន៍របស់ខ្លួនឯង។
លោកបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកលែងទោសឱ្យគាត់ចំនួន២ដងមកហើយ ប៉ុន្តែលោកនៅតែមិនរាងចាល ដោយបន្តកសាងកំហុសធ្ងន់ធ្ងរដដែល។
«សូមសាធារណជនទាំងអស់ កុំមានការយល់ច្រឡំ ហើយនេះជាកំហុសរបស់ខ្ញុំដែលបានប្រព្រឹត្តិខុសដែលយកកិត្តិយស និងសេចក្តីថ្លៃថ្លូរបស់សម្តេចតេជោមកប្រើដើម្បីយកលុយគេ»។ នេះបើតាមការបញ្ជាក់របស់លោក លី សាម៉េត។
លោក លី សាម៉េ ក៏បានស្នើសុំពេលវេលាក្នុងការព្យាបាលជំងឺរបស់លោកផងដែរ មុននឹងលោកចេញមកសារភាព និងទទួលទោសតាមច្បាប់ ប៉ុន្តែសម្តេចតេជោហ៊ុន សែន មិនទទួលយកការស្នើសុំនេះឡើយ ដោយសម្តេចបានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក លី សាម៉េតមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕