សម្តេចតេជោ គាំទ្របំណងនាយករដ្ឋមន្ត្រីដែលនឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការគាំទ្រទាំងស្រុងចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលគ្រោងនឹងនាំយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។
នៅលើបណ្តាញសង្គមផ្លូវការនាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ បានសរសេរថា «មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។»
សម្តេចប្រធានព្រឹទ្ធសភាបានបន្តថា៖ «ខ្ញុំគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។ ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។»
សម្តេចតេជោបានបន្ថែមថា យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?។ ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន៕»

Daily Program
