សមាជពិភពលោក SIGNIS នឹងនាំអ្នកសារព័ត៌មានកាតូលិកមកពីប្រទេសជាង ១០០ ទៅកាន់រវ៉ាន់ដា
អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មាន អ្នកផលិតខ្សែភាពយន្ត និងអ្នកទំនាក់ទំនងឌីជីថលកាតូលិកជាង ៣០០នាក់ មកពីប្រទេសជាង ១០០ នឹងជួបជុំគ្នានៅទីក្រុងគីហ្គាលី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែសីហា នាសមាជពិភពលោក SIGNIS ឆ្នាំ២០២៦។
សារព័ត៌មាន Catholic Connect បានរាយការណ៍ថា នេះគឺជាព្រឹត្តិការណ៍លើកដំបូងដែលការជួបជុំបែបនេះត្រូវបានសម្រេចរៀបចំឡើងនៅទ្វីបអាហ្វ្រិក។ សមាជនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Sainte Famille ក្រោមប្រធានបទ «ការទំនាក់ទំនងឌីជីថលសម្រាប់ការរួបរួម សមធម៌ និងសុខុមាលភាពបរិស្ថាន»។
ការជួបជុំនេះនឹងផ្តល់ឱកាសដល់អ្នកគមនាគមន៍កាតូលិកមកពីជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ស្វែងយល់ពីបញ្ហាប្រឈមដែលកំពុងកើតឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការទំនាក់ទំនងឌីជីថល ក៏ដូចជាពង្រឹងកិច្ចសហការក្នុងការប្រើប្រាស់ការទំនាក់ទំនងជាមធ្យោបាយនៃការលើកកម្ពស់ការរួបរួម យុត្តិធម៌ និងសន្តិភាព។
កម្មវិធីរយៈពេលបួនថ្ងៃនេះ នឹងមានរៀបចំជាកិច្ចប្រជុំពេញអង្គ និងការពិភាក្សាជាក្រុម ដើម្បីស្វែងរកដំណោះស្រាយលើបញ្ួហាសំខាន់ៗ ដែលប្រឈមមុខនឹងការប្រាស្រ័យទាក់ទងនៅក្នុងពិភពលោកសម័យទំនើប។ ក្នុងចំណោមប្រធានបទដែលត្រូវស្វែងយល់រួមមាន សម្ព័ន្ធភាពជាគំរូសម្រាប់ការរួមរស់ដោយសន្តិភាព និងការអភិវឌ្ឍសង្គម ការប្រាស្រ័យទាក់ទងឌីជីថលសម្រាប់ការរួបរួម និងភាពសុខដុម និងការអនុវត្តសាសនា និងវប្បធម៌នៅក្នុងយុគសម័យឌីជីថល ជាដើម។
លោកបូជាចារ្យ ដានីញែល មូហ្គាបូណាក (Daniel Mugabonake) លេខាធិការអចិន្ត្រៃយ៍នៃសមាជពិភពលោក SIGNIS គីហ្គាលី ២០២៦ បានមានប្រសាសន៍ថា ការរៀបចំនេះត្រូវបានសម្គាល់ដោយកិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការស្វាគមន៍សហគមន៍ SIGNIS អន្តរជាតិ។ លោកបានបន្ថែមថា រវ៉ាន់ដាបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គ្រួសារ SIGNIS ទូទាំងពិភពលោក និងបង្ហាញពីបដិសណ្ឋារកិច្ច ជំនឿ និងស្មារតីឧត្តមភាពរបស់ប្រទេស។
