សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ បន្តទាមទារឱ្យដោះលែង លោក កើត សារ៉ាយ

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ បាន​ធ្វើសមាជប្រចាំឆ្នាំរបស់ខ្លួន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២៤ ដោយ​បាន​​បោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិសមាគម និង​កែប្រែនូវ​លក្ខន្តិកៈសមាគម​មួយចំនួន​ផងដែរ និង​បានប្តេជ្ញា​​សហការជាមួយនឹង​អង្គការដៃគូនានា ដើម្បី​ទាមទារ​ឱ្យមានការដោះលែង​លោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ​។

យោងតាម​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ឬហៅកាត់ថា KSILA បាន​ឱ្យដឹងថា ​ក្នុង​ស្មារតី​របស់​គណៈកម្មការ​ប្រតិបត្តិ​លើក​ឡើង​ថា ​បើ​ទោះបី​អវត្តមាន​របស់​ប្រធាន​សមាគម​ លោក កើត សារ៉ាយ ក៏​ដោយ​ ក៏​គណៈកម្មការ​ប្រតិបត្តិ​ នឹង​បន្ត​សកម្ម​ភាព​សមាគ​ក្នុង​ការ​ស្វែង​រក​យុត្តិ​ធម៌​ជូន​សិ​ស្ស​និស្សិត​ និង​សង្គមដដែល​​។

ជាមួយគ្នានោះ សមាជកក៏​ព្រម​ដាក់ឱ្យ​​​ដំណើរការ​ផ្ទះ​បញ្ញវន្ត​ និង​បណ្ណាល័យ​ផងដែរ​។

សមាគមបានបញ្ជាក់ថា ៖ «យើងទាំងអស់គ្នាជា ក្រុមការងារ យុវជន សហគមន៍ និងជាប្រជាព​លរដ្ឋខ្មែរ សូមអំពាវនាវឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទ លើលោក កើត សារ៉ាយ​ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ»។

ប្រភពដដែលបាន​បន្តថា ការដោះលែង និងការទម្លាក់ចោលបទចោទលើលោក កើត សារ៉ាយ ជាការគោរពសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់ការចូលរួមរបស់ព​ល​រដ្ឋខ្មែរគ្រប់រូប ក្នុងការអភិវឌ្ឍន៍ បរិយាបន្នសង្គម ព្រមទាំងយុត្តិធម៌សង្គម។

កញ្ញា រៀម ស្រីពេជ្ររតនា អនុប្រធានទី៤ នៃ​សមាគម KSILA បានប្រាប់RVA Khmer ​នៅថ្ងៃទី​១៤ ខែឧសភា ថា ការធ្វើ​សមាជ​នេះមានគោលបំណងសំខាន់២គឺ ការ​រៀបចំការបោះឆ្នោតគណៈ​កម្មការប្រត្តិបត្តិថ្មីចំនួន​៤រូប និង​​ការ​ផ្លាស់ប្តូរលក្ខន្តិកៈក្នុង​ជំពូក៤ ប្រការ​២១របស់សមាគម​។

កញ្ញា​បន្តថា ៖ «ពួកយើងក៏​សម្រេចបានគណៈកម្មការប្រតិបត្តិថ្មីគ្រប់សម្លេង ហើយនឹង​ការ​ផ្លាស់ប្តូ​រលក្ខន្តិកៈក៏មាន​គ្រប់សម្លេងពីសមាជិករបស់សមាគមដែលបានមកចូលរួមជាង​៤០នាក់​ផងដែរ»​។

បើតាមការបញ្ជាក់ពីកញ្ញា រៀម ស្រីពេជ្ររតនា ប្រធាន​របស់សមាគមKSILA ​នៅរក្សាដដែល គឺលោកកើត សារ៉ាយ ប៉ុន្តែសមាគមទទួលបាន​អនុប្រធាន​ចំនួន​៤​​ គឺអនុប្រធានទី១ ទី២ ទី៣ និង​ទី៤​ រួមនឹង​ប្រធាន​រដ្ឋបាលថ្មី​ផងដែរ​។

កញ្ញាបញ្ជាក់ថា ៖ «សមាជមានការប្តេជ្ញាចិត្ត​ពីសមាជិក ដោយនៅតែបន្តធ្វើ​កិច្ចការងារសង្គមប​ន្តទៅមុខទៀត ដោយសមាគមនៅតែកៀរគរយុវជន និង​ចូលរួមកិច្ច​ការសង្គម​ដដែល បើទោះបី​​ជា​ប្រធា​នកំពុង​ជាប់ពន្ធនាគារ ប៉ុន្តែពួកយើងជាសមាជិកគឺ​​នៅតែធ្វើ»​។

ចំពោះ​ផែនការវិញ ​សមាជិករបស់សមាគមបាន​លើកទឹកចិត្ត​ឱ្យ​គណៈកម្មការ​ប្រតិបត្តិ​​ផ្អាក​សកម្មភាពរយៈពេល​ខ្លីត្រឹមតែ៦ខែដើម្បី​រៀបចំ​រចនាសម្ព័ន្ធ ក៏ដូចជា​ប្រព័ន្ធ​ការងារ​​យុទ្ធសាស្រ្ត​រ​បស់​សមាគមសម្រាប់បន្ត​ការងារទៅមុខទៀត។ ​

អនុប្រធានទី៤របស់សមាគមនេះ សង្កត់ធ្ងន់ថា ៖ «សម្រាប់​​លោក កើត សារ៉ាយវិញ គឺសមាគមនេះ​នៅតែបន្ត​ធ្វើការជាមួយនឹងអង្គការដៃគូមួយចំនួន​ដដែល ហើយ​យើងនៅតែមានក្តីសង្ឃឹមថាតុលាការនឹងព្រមទម្លាក់បទចោទ និងដោះលែង​លោក កើត សារ៉ាយ​ឱ្យមានសេរីភាពឡើងវិញ»។

សូមរម្លឹកដែរថា លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបាននគរបាលសង្កាត់ក្រាំងធ្នង់ និងស្នងការដ្ឋាននគរបាលជាតិ ឃាត់ និង​នាំខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។

​សេចក្តីប្រកាសបានបន្តថា ការនាំខ្លួនលោក កើត សារ៉ាយនេះ ធ្វើឡើងដោយអាជ្ញាធរចម្រុះមានទាំងស្លៀកពាក់ឯកសណ្ឋាន និងស៊ី វិលប្រមាណជាង១០នាក់ ក្រៀកឡើងរថយន្តខណៈដែល លោក កើត សារ៉ាយ កំពុងបំពេញការងារនៅការិយាល័យ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។

​តំណាងអយ្យការបានសម្រេចចោទប្រកាន់លោក កើត សារ៉ាយពីបទ «មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្ដន្ទាទោសមជ្ឈឹម» និងបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»៕

Daily Program

Livesteam thumbnail