សមត្ថកិច្ច ឃាត់ខ្លួនជន បរទេសជិត ៣០០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ

បន្ទាប់ពីមានផ្ទុះការតវ៉ា រវាងក្រុមជនជាតិប៉ាគីស្ថាន និង បង់ក្លាដេស ប្រឆាំងនឹងជនជាតិចិន ដែលប្រើពាក្យប្រមាថជាតិ សាសន៍នៅកន្លែងធ្វើការ ក្នុងក្រុងព្រះសីហនុ នាពេលកន្លងទៅ សមត្ថកិច្ច បានឃាត់ខ្លួន ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត ៣០០នាក់ទៀត ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ។
គេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយតាមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង អភិបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក អ៊ី សុងឃី និង ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងសម្របសម្រលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច បានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន ២៩០នាក់ រួមមាន ជនជាតិប៉ាគីស្ថាន ២១៦នាក់ បង់ក្លាដេស ៦៨នាក់ និងនេប៉ាល់ ៦នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន សមត្ថកិច្ចកំពុង ស៊ើបអង្កេតបន្ថែម ដើម្បីចាត់ការតាមនីតិវិធី ៕
Daily Program
