សមត្ថកិច្ចបញ្ជូនលោក លី សាម៉េតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាម​នីតិវិធីច្បាប់​

អតីតទីប្រឹក្សា​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក លី សាម៉េត​ ត្រូវបាន​កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តនីតិវិធីច្បាប់។

លោកឧត្ដមសេនីយ៍ឯក ជួន ណារឹន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ឱ្យដឹងថា លោក លី សាម៉េត ត្រូវបានបញ្ចូនខ្លួនពីផ្ទះកូនមួយកន្លែងនៅខេត្តព្រះសីហនុ មកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។​

ការចូលខ្លួនសារភាពរបស់លោក លី សាម៉េត នេះ បន្ទាប់ពី​ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ឱ្យសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ ក្រោយពីរត់គេចខ្លួន​បាន​បង្ហាញខ្លួនចេញវីដេអូសុំទោស​ក៏ដោយ។

សូមរម្លឹកដែរថា លោកលី សាម៉េត ហៅគ្រូមា ​​បាន​យក​ឈ្មោះសម្តេច​​ ហ៊ុន សែន ឆបោក​អ្នក​ដទៃ​មាន​ទឹកប្រាក់​​រាប់​លាន​ដុល្លារ​។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម​របស់សម្តេចកាលពីថ្ងៃទី​៤ ខែវិច្ឆិកាថា ទោះបីជា​លោកលី សាម៉េត សុំទោសសារភាពកំហុសក៏ដោយ ក៏មិនអាចរួចខ្លួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ៖ «ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយ​សារតែវីដេអូសារភាពកំហុស និងសូមទោស​មួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ពន្ធ័ឆបោកជាមួយ លី សាម៉េត នេះ»។

សម្តេចបញ្ជាក់ថា ៖ «លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលា​ការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ​នគរបាលយុត្តិធម៌ត្រូវ​តែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលា​ការតាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅ​សំណាញ់ច្បាប់ទៀតទេ»៕

 

 

 

Daily Program

Livesteam thumbnail