សភាអ៊ីស្រាអែល អនុម័តច្បាប់ហាមឃាត់សកម្មភាពទីភ្នាក់ងារអង្គការសហ ប្រជាជាតិ​សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA

ពង្រាងច្បាប់ដើម្បីហាមឃាត់សកម្មភាពនៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅអ៊ីស្រាអែលបានមកដល់សភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ មុននឹងការបោះឆ្នោតសម្រេច។ តាំងពីយូរមកហើយ អ៊ីស្រាអែល បានរិះគន់យ៉ាងខ្លាំងក្លាដល់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទំនាក់ទំនងរបស់ពួកគេ ដែលប្រែក្លាយជាគួរឲ្សស្អប់​ចាប់ តាំងពីការចាប់ផ្តើមនៃសង្រ្គាម​នៅហ្គាហ្សា រវាងអ៊ីស្រាអែល និងហាម៉ាស កាលពីថ្ងៃទី៧ ខែ​តុលា ឆ្នាំ២០២៣។ រដ្ឋាភិបាលអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកខ្លះនៃ UNRWA ថាបាន​ចូល​រួម ការវាយប្រហាររបស់ក្រុមហាម៉ាស​អ៊ីស្លាមមកលើភាគខាងត្បូងអ៊ីស្រាអែល។

សហរដ្ឋអាម៉េរិក កាលពីថ្ងៃចន្ទ បានប្រកាសថាព្រួយបារម្ភខ្លាំងដោយពង្រាងច្បាប់ មួយដែល កំពុងសិក្សា និងពិភាក្សា​នៅពីមុខ​សភាអ៊ីស្រាអែល ដែលគ្រោងហាមឃាត់សកម្មភាពរបស់ ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅប្រទេស អ៊ីស្រាអែល។​ លោកម៉ាធៀវ មីលឡើ អ្នកនាំពាក្យនៃនាយកដ្ឋានរដ្ឋ បានថ្លែងថា ៖ “យើងចង់ ឲ្យរដ្ឋាភិបាល​អ៊ីស្រាអែលដឹងច្បាស់ៗថា យើងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅតាមរយៈ សំណើច្បាប់នេះ (...) ហើយយើងជំរុញឲ្យ​រដ្ឋាភិបាលអ៊ីស្រាអែលកុំអនុម័តវា”។ លោកម៉ាធៀវ មីលឡើ និយាយម្តងទៀតអំពី​តួនាទីដ៏សំខាន់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ​នៅ ក្នុង ការបែងចែកជំនួយមនុស្សធម៌នៅក្នុងដែនដីហ្គាហ្សា។

នៅថ្ងៃចន្ទនោះដែរ សភាអ៊ីស្រាអែល ក៏បានបោះឆ្នោត​ក្នុងសម្លេងភាគច្រើនលើសលប់​​ដើម្បី​គាំទ្រ​ពង្រាងច្បាប់ដែលហាមឃាត់សកម្មភាពនានារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ​សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន  នៅអ៊ីស្រាអែល ទោះបីជាមានការប្រឆាំង​ពីសហ​រដ្ឋ​អាម៉េរិក និងអង្គការសហប្រជាជាតិក៏ដោយ។

អត្ថបទច្បាប់ត្រូវបានអនុម័តដោយសម្លេង ៩២ លើ ១២០ សម្លេង នៃសមាជិករបស់សភា ខេណេសសេត (Knesset) របស់អ៊ីស្រាអែល។ ចំណែក UNRWA ពិព៌នាថា ការបោះឆ្នោតនេះ គឺជារឿង​អាស្រូវ។

រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោកយ៉ូអាវ ហ្គាឡង់ កាលពីថ្ងៃចន្ទ​បានបញ្ជាក់ថា ការ​វាយ​ប្រហារ​របស់អ៊ីស្រាអែលទៅលើអ៊ីរ៉ងកាលពីថ្ងៃសៅរ៍ បានផ្លាស់ប្តូរតុល្យភាពកងកម្លាំង​រវាង​សត្រូវ​ទាំងពីរ។ យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការពារជាតិ លោកយ៉ូអាវ ហ្គាឡង់ បានថ្លែងថា ៖ “សត្រូវបានចុះទន់ខ្សោយច្រើន​នៅក្នុងសមត្ថភាពរបស់ខ្លួន​ដើម្បី​ផលិត​មីស៊ីល​ ក៏ដូចជា សមត្ថភាពការពារខ្លួន។ នេះបានធ្វើឲ្យមានការផ្លាស់ប្តូរតុល្យភាពកម្លាំង”។

យោងតាមសេចក្តីប្រកាសមួយនៃការិយាល័យនៃនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល មាន​ការ​ពិភាក្សា​អំពី​ផែនការ​កិច្ច​ព្រមព្រៀង​ថ្មីមួយ​អំពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅ​ហ្គាហ្សា តាមរយៈ​ប្រទេស​កាតាដោយប្រមុខអ្នកចរចារបស់ខ្លួន។ 

បន្ទាប់ពីសំណើរបស់ប្រទេសអេហ្ស៊ីប ដែលជាប្រទេសសម្របសម្រួលមួយ អំពី​ការឈប់​បាញ់​រយៈ​ពេលពីថ្ងៃ និងការដោះលែង​ចំណាប់ខ្មាំង ៤រូប ទល់នឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួន ការិយាល័យលោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា ៖ “នាយកក្រុមម៉ូសាដ លោកដាវីដ បាកនៀ បានត្រឡប់មកវិញបន្ទាប់ពីបានជួប​ប្រមុខ CIA និងនាយករដ្ឋមន្រ្តីកាតា។ នៅប៉ុន្មាន​ថ្ងៃ​ខាងមុខ ការពិភាក្សានឹងបន្តរវាងអ្នកសម្របសម្រួល និងក្រុមហាម៉ាសដើម្បីពិនិត្យលទ្ធភាព​នៃការចរចា និងបន្តព្យាយាមធ្វើឲ្យឈានទៅដល់កិច្ចព្រមព្រៀងមួយ”។

 

 

Daily Program

Livesteam thumbnail