សព សម្ដេចចៅហ្វាវាំង គង់ សំអុល នឹងបូជានៅវត្តជម្ពូវ័ន​ នាថ្ងៃស្អែកនេះ

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងស្តីពីការដង្ហែសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង​​ ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។ ​​

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រុមគ្រួសារសព បានរៀបចំពិធីបុណ្យសពតាមប្រពៃណី ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅគេហដ្ឋានផ្ទះលេខ៨៣ វិថីសុកហុក (ផ្លូវលេខ១០៧) កែងនឹងវិថីហ្សូសិបទ្រូសទីតូ (ផ្លូវលេខ២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖ «នៅ​ថ្ងៃទី៦ ខែកញ្ញា វេលាម៉ោង ៦:០០នាទីព្រឹក នឹងរៀបចំពិ​ធីដង្ហែសពចេញពីគេហដ្ឋាន ឆ្ពោះទៅបូជានៅវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ពិធីដង្ហែសពនេះ ​នឹងចាប់ផ្តើមដង្ហែចេញពីគេហដ្ឋាន តាមរុក្ខវិថីសម្តេចប៉ាន ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះទៅវង្វង់មូល វិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ រហូតដល់ស្តុបនាគបាញ់ទឹក បត់ឆ្វេងតាមមហាវិថីសម្តេច សុធារស បន្តឆ្លងកាត់មុខព្រះបរមរាជវាំង រហូតដល់ផ្លូវលេខ១៧៨ បត់ឆ្វេងទៅដល់មហាវិថីព្រះនរោត្តម រួចបត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅកាន់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង ឆ្ពោះទៅ មហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់ស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ រហូតដល់ទីតាំងប្រារព្ធ ពិធីបុណ្យបូជាសព នៅវត្តជម្ពូវ័ន។

«ដើម្បីឱ្យពិធីដង្ហែសពខាងលើ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ សមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះ​អាសន្ន«។

​រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យ​ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវខាងលើមេត្ត យោគយល់អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវដង្ហែសពខាងលើ ដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍ដោយក្ដីអនុគ្រោះ៕​

 

Daily Program

Livesteam thumbnail