សន្តអាសនៈអំពាវនាវកុំអោយពិភពលោកធ្លាក់ក្នុងសង្រ្គាមត្រជាក់ជាថ្មី

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងបទសំភាសន៍មួយជាមួយនឹងអ្នកសារព័ត៌មាននៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៥ លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានលើកឡើងថា ពិភពលោកគួរជៀសវាងសង្គ្រាមត្រជាក់ថ្មី។

នៅពេលសួរអំពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនដែលហាក់ដូចជាកាន់តែខ្លាំង លោកកាឌីណាល់ បានព្រមានប្រឆាំងនឹងការធ្លាក់ចូលទៅក្នុងផ្នត់គំនិតសង្រ្គាមត្រជាក់ទ្វេភាគីជាថ្មី។

លោកកាឌីណាល់ បាននិយាយថា "សន្តអាសនៈ នៅតែជឿជាក់ថាការសន្ទនាគឺជាផ្លូវដែលអាចសម្រេចបានតែមួយគត់ដើម្បីទប់ស្កាត់ទស្សនៈផ្ទុយគ្នាកុំឱ្យប្រែក្លាយទៅជាការប្រឈមមុខគ្នា"។

លោកបានគូសបញ្ជាក់ពីភាពបន្ទាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដើម្បីបន្តកិច្ចពិភាក្សាប្រកបដោយស្ថាបនា និងស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសំខាន់ៗ ដូចជាពាណិជ្ជកម្ម និងសន្តិសុខជាដើម។

លោកកាឌីណាល់បាននិយាយថា វាចាំបាច់ណាស់។ លោកបានបន្តថា ដើម្បីជៀសវាងហានិភ័យដែលជម្លោះត្រូវបានមើលឃើញថាជាលទ្ធផល ដែលអាចកើតមានជាសង្រ្គាមត្រជាក់លោកកាឌីណាល់ បានអំពាវនាវឱ្យប្រទេសនានា និងស្ថាប័នអន្តរជាតិវិនិយោគនិងគាំទ្រឡើងវិញនូវប្រព័ន្ធ ពហុភាគីនិយមនិងបន្តរក្សាតុល្យភាពតាមយន្តការពហុប៉ូល។

លោកកាឌីណាល់ បានសន្និដ្ឋានថា ការទូត ការគោរពគ្នាទៅវិញទៅមក យុត្តិធម៌ និងតម្លាភាព គឺជាឧបករណ៍សំខាន់ ក្នុងការស្វែងរកដំណោះស្រាយដែលលើកកម្ពស់សន្តិភាព ការអភិវឌ្ឍន៍ និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា៕

Daily Program

Livesteam thumbnail