សន្តអាសនៈនិងអ្នកការទូត ជំរុញអំពីសន្តិភាពមានលុះត្រា គ្មានអាវុធ
នាវេទិកាមួយនៅហ្សឺណែវប្រទេសស្វីសដែលរៀបចំឡើងកាលពីចុងខែមករា ឆ្នាំ២០២៦ អ្នកចូលរួមដែលជាអ្នកការទូតនិងតំណាងសន្តអាសនៈ បានប្រមូលម្តុំគ្នាបន្ទរបន្ទូលសម្តេចប៉ាបឡេអូទី១៤ អំពីសន្តិភាព។
វ៉ាទីកង់ញូវបានរាយការណ៍ថា វេទិកានេះគឺជាជំនួប អន្តរសាសនាមួយ ដែលរៀបចំឡើងដោយក្រសួង បេសកកម្មរបស់សន្តអាសនៈប្រចាំអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីស។
នៅក្នុងវេទិកានោះ ក្រុមអ្នកការទូត និងមេដឹកនាំសាសនានានា បានពិភាក្សានិងឆ្លុះបញ្ចាំងពីសារនៃទិវាសន្តិភាពពិភពលោកឆ្នាំ២០២៦ របស់សម្តេចប៉ាបឡេអូទី១៤ចំពេលមានជម្លោះសកលកាន់តែកើនឡើង។
នាឱកាសនោះ លោកអគ្គអភិបាល អេត័រ បាឡេស្ត្រេរ៉ូ ( Ettore Balestrero ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍ នៃបុរីវ៉ាទីកង់ ប្រចាំនៅហ្សឺណែវ បាននិយាយថា តក្កវិជ្ជានៃកម្លាំងប្រដាប់អាវុធមិនអាចរកសន្តិភាពបានទេ។
លោកអគ្គអភិបាលបានលើកឡើងនូវបន្ទូលរបស់សម្តេចប៉ាបឡេអូ ដែលលើកឡើងថា សន្តិភាពវាអាចនឹងកើតមានហើយនៅជាមួយមនុស្សតាំងអស់នៅពេលគ្មានអាវុធ និង គ្មានកម្លាំង។
លោកបានមានប្រសាសន៍ថា សន្តិភាព ដែលកើតឡើងដោយមិនយកកម្លាំងនិងគ្មានអាវុធជាមូលដ្ឋាន គឺជាជោគជ័យ សម្រាប់ការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការ។
លោកក៏បានលើកទឹកចិត្តឲ្យគ្រប់គ្នា បដិសេធគ្រប់ទម្រង់នៃការប្រមាថ ពីព្រោះថាការប្រមាថនេះជាប្រភពនៃការផ្ទុះអំពើហិង្សា៕