ព្រះសហគមន៍កាតូលិកអាស៊ីថា មនុស្សនៅតែជាស្នូលខាងវិញ្ញាណ ទោះបីសម័យនេះត្រូវការ AI ជួយក៏ដោយ

ប្រធានផ្នែកទំនាក់ទំនងនៃសហព័ន្ធក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី បានអំពាវនាវឱ្យព្រះសហគមន៍នៅអាស៊ី ផ្តល់លក្ខណៈវិនិច្ឆ័យឱ្យបានច្បាស់លាស់អំពីទំនាក់ទំនងរវាងស្នូលខាងវិញ្ញាណ និងបញ្ញាសិប្បនិម្មិត (AI)។

លោកអភិបាល ម៉ាសេលីណូ អេនតូនីញ៉ូ (Marcelino Antonio) នៃភូមិភាគសានប៉ាប្លូ (San Pablo) នៅប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នជាប្រធានការិយាល័យសារគមនាគមន៍នៃសហព័ន្ធក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី បានថ្លែងថា នៅទ្វីបអាស៊ី ពិភពឌីជីថលមិនមែនគ្រាន់តែជាផ្នែកបន្ទាប់បន្សំនៃបេសកកម្មរបស់យើងនោះទេ ប៉ុន្តែវាគឺជាទីលានដ៏សំខាន់បំផុត តែទោះជាយ៉ាងណាក៏ដោយ កុំភ្លេចអំពីមូលដ្ឋានគ្រឹះខាងវិញ្ញាណ និងជំនឿ។

លោកក៏បានអំពាវនាវឱ្យមានសាមគ្គីភាពឌីជីថលជាមួយអ្នកធ្វើការទិន្នន័យដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក និងបង្កើនភាពជាដៃគូអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានតាមប្រព័ន្ធឌីជីថល។

លោកបានបន្តថា ម៉ាស៊ីនអាចបញ្ជូនសារទៅទូទាំងអាស៊ីលឿនជាងពេលណាៗទាំងអស់ ប៉ុន្តែមានតែមនុស្សទេដែលអាចនាំយកវត្តមានពិត ហើយមានតែសហគមន៍មួយប៉ុណ្ណោះដែលអាចចែករំលែក «នំប៉័ងនៃជីវិត»។ លោកបានរំលឹកដល់អ្នកធ្វើការផ្នែកទំនាក់ទំនងក្នុងព្រះសហគមន៍កាតូលិកថា ការប្រកាសដំណឹងល្អពិតប្រាកដ ទាមទារឱ្យមានវត្តមានមនុស្សពិតៗ មិនមែនគ្រាន់តែជាការបង្កើតឡើងតាមប្រព័ន្ធឌីជីថលនោះទេ។

លោកអភិបាលក៏បានអំពាវនាវឱ្យមានវិធីសាស្ត្រដែលផ្អែកលើសីលធម៌ និងយកមនុស្សជាចំណុចកណ្តាល ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅទូទាំងទ្វីបអាស៊ី។

លោកបានបន្តទៀតថា ខណៈពេលដែលពីរភាគបីនៃអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៦ ពាន់លាននាក់នៅលើពិភពលោក រស់នៅក្នុងទ្វីបអាស៊ី ទ្វីបនេះក៏នៅតែមានចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ដែលមិនទាន់អាចចូលប្រើប្រាស់អ៊ីនធឺណិតបាន ដែលបង្កើតឱ្យមានគម្លាតឌីជីថលយ៉ាងធ្ងន់ធ្ងរ។

លោកបានបន្ថែមថា ដោយសារគ្រីស្តបរិស័ទកាតូលិកមានត្រឹមតែ ១១ ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុបនៅអាស៊ី លោកបានកត់សម្គាល់ថា មនុស្សរាប់លាននាក់នឹងស្គាល់ព្រះសហគមន៍ជាលើកដំបូងតាមរយៈអេក្រង់ឌីជីថល ជាជាងការជួបផ្ទាល់នៅក្នុងអគារព្រះវិហារ ដូច្នេះសូមយកចិត្តទុកដាក់លើចំណុចនេះ។

Daily Program

Livesteam thumbnail
khmer popup image