វ៉ាទីកង់រៀបចំកម្មវិធីថ្វាយអភិបូជាជាមួយនឹងអ្នកកាទូតនៅសន្តអាសនៈ

វ៉ាទីកង់ញូវបានរាយការណ៍ថា ពិធីថ្វាយអភិបូជាមួយត្រូវបានរៀបចំឡើងជាពិសេសជាមួយនឹងអស់លោកលោកស្រីជាអ្នកការទូតទាំងអស់ប្រចាំនៅសន្តអាសនៈ​ កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ។

ពិធីនេះបានរៀបចំឡើងក្រោមការដឹកនាំដោយផ្ទាល់ដោយលោក កាឌីណាល់ព្យែត្រូ ផារ៉ូលីន នាយរដ្ឋមន្រ្តីសន្តអាសនៈ ហើយខ្លឹមសារសំខាន់គឺផ្តោតនៅលើស្ថានភាពសុខភាពសម្តេចប៉ាប និង នៅលើបញ្ហាសន្តិភាពនៅលើពិភពលោក។

នាឱកាសនោះ លោកកាឌីណាល់ បានប្រកាសថ្លែងអំណរគុណ ចំពោះអស់អ្នកដែលបានស្នើនិងបំផុតគំនិត​អធិស្ឋានរួមគ្នាជាក្រុមនេះឡើងដើម្បីសម្តេចប៉ាបនិងដើម្បីសន្តិភាព។

លោកកាឌីណាល់បានមានប្រសាសន៍ថា «យើងប្រមូលផ្តុំគ្នាអធិស្ឋាននៅព្រឹកនេះ សម្រាប់​សុខភាពរបស់សម្តេចប៉ាបដើម្បីឱ្យទ្រង់ឆាប់​ជាសះស្បើយនិងអាចវិលត្រឡប់មកបំពេញភារកិច្ចវិញក្នុងពេលឆាប់ៗនេះ»។

លោកកាឌីណាល់បានឆ្លុះបញ្ចាំងពីខ្លឹមសារ និងគោលបំណងនៃការអធិស្ឋាន ដោយនិយាយថាសកម្មភាព​នេះ ធ្វើ​ដើម្បី​​បើកដួងចិត្តរបស់យើងចំពោះព្រះជាម្ចាស់ ត្បិតព្រះអង្គ​បានជ្រាប​នូវ​អ្វីដែល​យើង​នឹង​ទូលសូម​រួចស្រេចទៅហើយ និង​បើកចិត្ត​របស់​យើង​ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

បកស្រាយ​អំពី​អត្ថន័យ​នៃ​ព្រះបន្ទូលនៅ​ថ្ងៃនោះ លោក​កាឌីណាល់សង្កត់ធ្ងន់នៅលើបញ្ហាសង្គ្រាម និង​សន្តិភាពពិភពលោក ដោយ​លើកឡើង​អំពី​ឃ្លាគម្ពីរ «ត្រូវ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់​ខ្លួន» ទោះបី​យើង​មិន​ចង់​ក៏ដោយ។

លោកកា ឌីណាល់បាននិយាយថា ទោះបីជាការទូតព្យាយាមជៀសវាងការផ្ទុះសង្គ្រាម ក៏សន្តិភាពតម្រូវឱ្យយើងផ្តាច់ភាសានៃហិង្សារបស់យើង ហើយស្វែងរកឆន្ទៈរបស់ព្រះជាម្ចាស់​នៅក្នុងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ។

លោកកាឌីណាល់ បានរំលឹកអ្នកការទូតអំពីការអញ្ជើញរបស់ព្រះយេស៊ូ ដើម្បីស្វែងរកការផ្សះផ្សា សូមអភ័យទោស និងសូមអរគុណ៕

Daily Program

Livesteam thumbnail