ល្ហុងការ៉ុតជាដំណាំងាយស្រួលដាំដុះ មានទីផ្សារល្អ

ល្ហុងការ៉ុតជាដំណាំមួយងាយស្រួលដាំដុះ មិនប្រកាន់រដូវទទួលបានទិន្នផលច្រើន កំពុងមានតម្រូវការបញ្ជាទិញខ្ពស់ តែមានប្រជាកសិករតិចតួចចាប់អារម្មណ៍ដាំដុះ​ ដំណាំមួយនេះ។

លោកស្រី ឈិត គន្ធា ម្ចាស់ហាងគន្ធាល្ហុងទុំ និងជាកសិករ បានអោយដឹងថា ដោយសារតែការសាកល្បងទទួលបានជោគជ័យបន្ទាប់ពីនាំពូជពីប្រទេសជិតខាង តែបច្ចុប្បន្នដំណាំមួយនេះ សុទ្ធតែជាពូជក្នុងស្រុក ដែលធ្វើការបណ្តុះកូននៅលើទឹកដីកម្ពុជា មិនមានការនាំចូលទៀតទេ។ លោកស្រីចូលចិត្តតាមដានព័ត៌មានអំពីកសិកម្ម ហើយបានសម្គាល់ឃើញល្ហុងការ៉ុតមានទីផ្សារខ្ពស់ តែបែរជាគ្មានអ្នកដាំដុះ ដូចនេះលោកស្រីក៏ជ្រើសយកដំណាំមួយនេះមកដាំ។

លោកស្រី ឈិត គន្ធា បន្ថែមថា ៖«និយាយទៅបងលក់តែល្ហុងទុំទេ ហើយឥឡូវនេះតម្លៃធូរថ្លៃ ប៉ុន្តែវាមិនធូរខ្លាំងដូចឆ្នាំទៅទេ។ ឆ្នាំទៅធូរសាហាវមែនទែន រហូតដល់បងដឹកចែកចាយគេគ្រប់កន្លែងតែម្តង។ ឆ្នាំនេះវា (ល្ហុង) ធូរតែវាមិនសូវជាធ្លាក់ថ្លៃប៉ុន្មាននោះទេ ហើយកសិករទាំងអស់មានទឹកមាត់លេប វាអត់ដូចឆ្នាំទៅពេកទេ ឆ្នាំនេះគាត់ (កសិករ) កាក់កបច្រើន»។

លោកស្រី ឈិត គន្ធា បន្តថា តម្លៃល្ហុងការ៉ុតបច្ចុប្បន្ន មានតម្លៃក្នុង១គីឡូក្រាម ២០០០រៀល ។ លោកស្រីមានទីផ្សារធំគឺផ្គត់ផ្គង់ទៅភ្នំពេញ ដោយលោកមានហាងច្រើនសាខា និងមានទីផ្សារផ្សេងទៀតគឺ ក្នុងខេត្តមណ្ឌលគិរី ពោធិសាត់ ក្រចេះ រតនគិរី និងសៀមរាប ជាដើម ប៉ុន្តែការផ្គត់ផ្គង់មិនគ្រប់តម្រូវការនោះទេ។ ចំណុចពិសេសរបស់ល្ហុងការ៉ុតសាច់ល្ហុងហាប់ណែន ផ្អែម ខុសពីល្ហុងធម្មតា ដែលមានសភាពទន់ជ្រាយ មិនផ្អែម។

លោកស្រី ឈិត គន្ធា បន្ថែមថា ៖«រាល់ថ្ងៃនេះយើងដាំនៅក្នុងសហគមន៍ ក្នុងស្រុកវាលវែង​ ខេត្តពោធិសាត់ ដែលមានប្រជាពលរដ្ឋ៥គ្រួសារកំពុងធ្វើការដាំដុះដាំណាំមួយនេះ ដោយក្នុងមួយគ្រួសារដាំដុះលើផ្ទៃដីចំនួន៧ហិចតា»។

ជាកសិករដាំដុះល្ហុងការ៉ុត លោក ស៊ុំ សុគន្ធ ជាកសិករដាំដុះល្ហុងការ៉ុតក្នុងខេត្តមណ្ឌលគីរី បានអោយដឹងថា បានចែករម្លែកពីការដាំដំណាំល្ហុងការ៉ុតថា ក៏ជួបផលលំបាកច្រើនដែរ ដូចជាបញ្ហាអាកាសធាតុ និងជំងឺរបស់វា ប៉ុន្តែដោយលោកបានស្រាវជ្រាវឯកសារនានាពីកសិកម្ម និងមានអ្នកបច្ចេកទេសផ្នែកកសិកម្មពិភាគក្សាផងនោះ ទើបលោកអាចរកវិធីទប់ទល់ហានិភ័យផ្សេងៗបាន និងឈានដល់ភាពជោគជ័យមួយ ក្នុងដាំដុះ និងនាំចេញទិន្នផលល្ហុងហូឡេនទៅទីផ្សារខាងក្រៅ។

កសិករដដែលបានបន្ថែមថា ល្ហុងហូឡេនដែលលោកដាំ បានប្រើជីធម្មជាតិមួយចំនួនដើម្បីបំប៉ន ប៉ុន្តែមានសុវត្ថិភាពចំពោះការបរិភោគ១០០% ហើយល្ហុងប្រភេទនេះ គិតចាប់ពីថ្ងៃដាំដុះរហូតទទួលបានផល មានរយៈពេល៨ខែ។ ប្រសិនបើថែទាំដិតដល់ និងប្រើពេល១០ខែក្នុងករណីថែទាំមិនសូវដិតដល់។ ចំពោះការប្រមូលផលវិញ លើផ្ទៃដី៤ហិកតា ស្មើនិង៤៤០០ដើម អាចប្រមូលបានប្រមាណ១៥ថ្ងៃ ក្នុង១ខែ ហើយក្នុងការប្រមូលម្ដង អាចបានផល ១តោន ទៅ១តោន ២០០គីឡូក្រាម ដោយចំនួននេះនៅតិចតួចនៅឡើយ ព្រោះល្ហុងទើបទុំបានខ្លះៗ ប្រសិនរង់ចាំដល់ល្ហុងទុំស្រុះគ្នា អាចប្រមូលម្ដងបាន២ ទៅ៣តោនឯណោះ៕

Daily Program

Livesteam thumbnail