ប្រឈមមុខនឹងការគំរាមរបស់ចិន តៃវ៉ាន់ចង់យកលំនាំតាមអ៊ីស្រាអែលដើម្បីធានា​អធិបតេយ្យភាពរបស់ខ្លួន

គំរូ! នេះគឺជាអ្វីដែលប្រធានាធិបតីតៃវ៉ាន់ លោកឡៃ ជីងតេ បានវាយតម្លៃលើអ៊ីស្រាអែល និង​អួត​សសើរអំពីភាព​រឹងម៉ាំនៃប្រព័ន្ធការពារជាតិរបស់ខ្លួនផងដែរ។ លើសពីនេះ លោកក៏មិន​ញញើត​​ ​រំឭក​អំពី​អត្ថបទព្រះគម្ពីរ រៀបរាប់អំពី ដាវីដ តទល់នឹងយក្សហ្គោលីយ៉ា ដោយយោង​ទៅ​ដល់ការ​ប្រៀប​ធៀបគ្នានៃកម្លាំងរវាងតៃវ៉ាន់ និងចិន។ នេះគឺជារបៀបបំពាក់អាវុធឲ្យ​កោះ​តៃវ៉ាន់​​ដោយ​ស្របច្បាប់ និងព្យាយាមបញ្ចុះបញ្ចូលប្រមូលការគាំទ្រ​ពីទីក្រុងវ៉ាស៊ីនតុន នៅ​ខណៈ​​ដែល​ទីក្រុងប៉េកាំងបានពង្រីកលំហាត់សមយុទ្ធយោធាប៉ុន្មាន​ថ្ងៃ​មកហើយ​នៅជុំវិញ​កោះ​​តៃវ៉ាន់។

លោកមីខាអែល បេកឃឺលៃ អ្នកទទួលខុសត្រូវនៃការសិក្សាស្រាវជ្រាវអំពីអាស៊ី​នៅវិទ្យាស្ថាន​សិក្សា​នយោបាយការបរទេស​នៅទីក្រុងហ្វីឡាឌែលហ្វៀ រដ្ឋពេនស៊ីវ៉ានៀ សហរដ្ឋអាម៉េរិក បាន​​​ព្រមានថា ៖ ”ប៉ុន្តែលោកស៊ីនឹងមិនរួញរាបូជា GDP របស់ចិនដើម្បីឈ្លានពានតៃវ៉ាន់ទេ ហើយ​នេះនឹងបញ្ឆេះ​នូវសង្រ្គាមមួយដ៏បំផ្លិចបំផ្លាញជាមួយសហរដ្ឋអាម៉េរិក”។

ដើម្បីធានានូវឯករាជ្យភាពរបស់ខ្លួន តៃវ៉ាន់គាំទ្រយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋហេប្រឺ និងប្រាថ្នាយក​ឧទាហរណ៍​សម្រាប់ម៉ូដែលការពារប្រទេស​របស់​អ៊ីស្រាអែល។​

នៅអំឡុងពិធីជប់លៀងអាហារ​ល្ងាចកាលពីថ្ងៃចន្ទ ទី២៩ ខែតុលា  ដែលរៀបចំឡើងដោយ​គណៈ​កម្មាធិការ​នៃធុរកិច្ច​សាធារណៈ​អាម៉េរិកអ៊ីស្រាអ៊ែល នៅតៃវ៉ាន់ លោកប្រធានាធិបតីឡៃ បាន​ថ្លែងដូច្នេះថា ៖ ”ប្រជាជន​តៃវ៉ាន់ជារឿយៗ យកលំនាំតាម​ឧទាហរណ៍នៃប្រជាជនហ្ស្វីហ្វ ពេលមើលលើ​ស្ថានភាព​លំបាកដែលប្រទេសចិន​ដាក់នូវជំហររបស់ខ្លួនលើឆាកអន្តរជាតិ និង​ការគំរាម​កំហែង​ដែល​ដាក់​ទម្ងន់លើអធិបតេយ្យភាពរបស់តៃវ៉ាន់”។  

ប្រធានាធិបតីតៃវ៉ាន់ បានទៅកាន់តែវែងឆ្ងាយទៀត ដោយបញ្ជាក់ថា ការធូរស្រាលមិនដែល​ជា​មធ្យោបាយដើម្បីបញ្ចប់រដ្ឋាភិបាលផ្តាច់ការទេ និងថា ទស្សនទាននៃសន្តិភាព​ដោយប្រើ​កម្លាំង​ធ្លាប់ជាសច្ចៈភាពទូទៅ​ដែលសង្គមអ៊ីស្រាអែល អាម៉េរិក និងតៃវ៉ាន់ មានតាំង​ពីច្រើន​ឆ្នាំ​មក​ហើយ។

ការថ្លែងទាំងនេះក៏ធ្លាប់មាន​ថ្លែងដំបូងៗរបស់ប្រធានាធិបតីឡៃ ក្នុងន័យនេះ ក្នុង​ខែនេះ​ផង​ដែរ។ កាលពីថ្ងៃទី១០ ខែតុលា ប្រធានាធិបតីឡៃក៏បានថ្លែងថា ចង់បង្កើនថវិការ​ការពារ​ជាតិ​ឲ្យ​ច្រើនជាង ៣% នៃ GDP នៅឆ្នាំ២០២៦ និង ៥% ពីពេលនេះទៅដល់ឆ្នាំ២០៣០ ដើម្បី​ការពារ​ជាតិ។ លោកក៏បានធ្វើឲ្យក្លាយជាផ្លូវការនូវការដាក់ពង្រាយនូវប្រព័ន្ធថ្មីនៃការ​ការពារ​អាកាស​ជាច្រើន​ស្រទាប់​ដែលហៅថា ធីដូម T-Dome ដើម្បីការពារប្រឆាំងនឹង​ការ​វាយ​ប្រហារ​ជាយថាហេតុណាមួយ នាពេលអនាគតរបស់ទីក្រុងប៉េកាំង។ នេះគឺជាហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​យកលំនាំតាមប្រព័ន្ធ​ការពារអាកាសប្រឆាំងមីស៊ីលអាយរូនដូម Iron Dome របស់​អ៊ីស្រាអែល ព្រមទាំងខែលប្រឆាំងមីស៊ីល ហ្គូលដិន ដូម Golden Dome របស់ប្រធានាធិបតី​អាម៉េរិក​​លោក​ដូណាល់ ត្រាំ ផងដែរ។

នៅខណៈដែលប្រធានាធិបតីអាម៉េរិកនៅពេលនេះ កំពុងធ្វើដំណើរទស្សនកិច្ចនៅអាស៊ី និង​ត្រូវជួបប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់បង្កើនទ្វេនូវកិច្ច​ខិត​ខំប្រឹងប្រែងដើម្បីទាក់ទាញអាម៉េរិកមករកបុព្វហេតុរបស់ខ្លួន មានជាអាទិ៍នៅក្នុងបរិបទ​ដែល​​កោះនេះព្រួយបារម្ភអំពីភាពរឹងម៉ាំងនូវទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតុន ក្នុង​ករណី​មានការវាយប្រហារពីប្រទេសចិន។

ចំណែក កាលពីថ្ងៃពុធ ទី២៩ ខែតុលា ទីក្រុងប៉េកាំង បាននិយាយដោយប្រុងប្រយ័ត្នថា ប្រទេស​ចិននឹងមិនសន្យាមិនបោះបង់ចោលការប្រើប្រាស់កម្លាំងចំពោះកោះតៃវ៉ាន់​ទេ។

អ្វីដែលនៅសល់ គឺការចាប់អារម្មណ៍នឹងដឹងថា តើសំដីពីលោកស៊ី ឬពីលោកឡៃ ជីងតេ ដែល​ឈ្នះ​ចូលដល់ត្រចៀកលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកនោះ?

 

Daily Program

Livesteam thumbnail