លោក ស ខេង ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិកដែលផ្សព្វផ្សាយថាលោក នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាមបណ្តាញសង្គមថា លោក ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យលោក ស ខេង ប្រកាសជាឱឡារិកថា នេះជាព័ត៌មាន មួលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ លាបពណ៌ និងបំបែកបំបាក់ ផ្ទុយទាំងស្រុងពីសេចក្តីប្រកាស ព័ត៌មានរបស់ខុទ្ទកាល័យលោក ស ខេង ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសបដិសេដ កាលពីថ្ងៃទី២២ ខែសីហានេះ។
សេចក្តីប្រកាសបដិសេដថា ៖ «សម្តេចក្រឡាហោម គ្មានមហិចតាណាបន្តិចបន្តួចទាល់តែសោះ ចង់ធ្វើជានាយករដ្ឋមន្ដ្រី នា ពេលខាងមុខនេះទេ។ សម្ដេចក្រឡាហោម នៅតែបន្តចូលរួមនិងគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន គណបក្ស និងបន្តជួយគាំទ្ររាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលបន្តវេននេះ សម្រាប់អាណត្តិខាងមុខៗបន្តទៀត ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ»។
ប្រភពដដែលបានបន្តថា រាល់គំនិត និងសកម្មភាពអគតិរបស់ក្រុមមាននិន្នការជ្រុលនិយមដែលបានធ្វើការផ្សព្វផ្សាយនាពេលថ្មី នេះគឺក្នុងយុទ្ធសាស្ត្រ ដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបំណងបមើ មហិច្ចតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ។
លោក ស ខេង បានបញ្ជាក់រួចហើយ និងបានធ្វើការអំពាវនាវ ដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ កុំចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុល និយម ដែលកំពុងតែលេងល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់»។
លោកបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា៖ «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»៕