លោក លី ធុជ កម្ពុជាបាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែមនូវចម្ការមីនតាមបណ្តោយព្រំដែន
នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយនឹងលោក Peter Matthias Reuss ប្រធានផ្នែកសកម្មភាពមីនមនុស្សធម៌ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ ស្តីពីវិស័យសកម្មភាពមីន។
នាជំនួបនោះ លោកបានថ្លែងអំរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ ជាមួយគ្នានោះ ប្រទេសអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ដំណើរការដឹកនាំអនុសញ្ញាអូតាវ៉ាក្នុងភាពជាប្រធានរបស់កម្ពុជា រយៈពេល ១ឆ្នាំ រហូតទទួលបានជោគជ័យ។
លោក លី ធុជ បានលើកឡើងថា វឌ្ឍនភាពនៃសកម្មភាពមីនបច្ចុប្បន្ននៅកម្ពុជា បានមកពីការរួមចំណែកពីរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានធ្វើឱ្យជីវិភាពរស់នៅរបស់ប្រជាជន និងសហគមន៍មានការរីកចំរើនជាងមុន។ កម្ពុជា នៅតែបន្តដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅ កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់លោកPeter Matthias Reuss ថា ៖ «ជាមួយនឹងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់មីន កម្ពុជាបាននឹងកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ថែមនូវចម្ការមីនតាមបណ្តោយព្រំដែនកម្ពុជា-កម្ពុជា ដែលតម្រូវកម្ពុជាត្រូវបន្តស្នើសុំពន្យាពេលបោសសម្អាតមីន»។
នាឱកាសនោះដែរ លោក Peter Matthias Reuss បានសម្តែងនូវការអបអរសាទរចំពោះភាពជាអ្នកដឹកនាំ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ហើយប្រទេសអាល្លឺម៉ង់នៅតែបន្តគាំទ្រ និងភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសកម្មភាពមីននៅកម្ពុជា៕