លោក ចូ បៃដិន នឹងជួបជាមួយសម្តេចប៉ាប មុនចាកចេញពីសេតវិមាន

សេតវិមានបានប្រកាសកាលពីថ្ងៃចុងសប្តាហ៍មុនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានទទួលយកការអញ្ជើញយាងជួបសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅខែក្រោយ ហើយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាព។

ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ថា លោក បៃដិន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមករា តាមការអញ្ជើញរបស់ សម្តេចប៉ាប ហើយមេដឹកនាំទាំងពីរនឹងពិភាក្សាគ្នានៅរង្វង់ថ្ងៃទី​១០ ខែមករា ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាពនៅជុំវិញពិភពលោក។

ក្រៅពីជួបសម្តេចប៉ាប លោក បៃដិន ក៏គ្រោងនឹងជួបជាមួយនឹង ប្រធានាធិបតីអ៊ីតាលី ក៏ដូចជា នាយករដ្ឋមន្ត្រីអ៊ីតាលី ។

ប្រភពដដែលបានអះអាងថា នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសរបស់ប្រធានាធីបតីអាមេរិកដែលជិតផុតអណត្តិ ដ៏កម្របំផុត ចាប់តាំងពី លោក ចច ដាប់បែលយូ ប៊ូស ដែលបានទៅទស្សនកិច្ចទីក្រុងមូស្គូ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញានុយក្លេអ៊ែរ និងទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយប្រធានាធិបតីបារាំងអំ​ពី​សង្គ្រាមបូស្នៀ។

តាមការគ្រោងទុក លោក បៃដិន នឹងចាកចេញពីសេតវិមាននៅក្នុងរង្វង់ថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២៤ខាងមុខនេះ។ ជំនួបនៅពេលខាងមុខមិនមែនជាជំនួបលើកដំបូងរបស់សម្តេចប៉ាបនិងលោកបៃដិននោះទេ អ្នកទាំងពីរទើបនឹងជួបគ្នាហើយកាលពីខែមិថុនា ដោយបានពិភាក្សាគ្នាអំពី គោលនយោបាយការបរទេសនៅអ៊ីស្រាអែល តំបន់ហ្គាហ្សា និងអ៊ុយក្រែន ព្រមទាំងការប្រែប្រួលអាកាសធាតុ។

កាលពីឆ្នាំ​២០២១ លោក បៃដិន និងសម្តេចប៉ាបក៏ធ្លាប់បានជួបគ្នា ម្តងដែរដោយកាលនោះ មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពី ភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត ក្រៅពីនោះមេដឹកនំាទាំងពីរក៏ធ្លាប់បានពិភាក្សាគ្នាតាមទូរស័ព្ឌជាច្រើនដងរួចមកហើយ៕

Daily Program

Livesteam thumbnail