លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនលោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ ដែលការឃាត់ខ្លួននេះ បន្ទាប់ពីជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹង។
ទាក់ទងនឹងការឃាត់ខ្លួននេះដែរ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្តីប្រកាសបញ្ជាក់ថា លោក គុយ វ៉ាត មិនមែនមានគោរមងារជា "ឧកញ៉ា" ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។
សមាគមឧញ៉ា បានលើកឡើងថា សមាគមបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកនៅលើបណ្តាញសង្គមមួយចំនួន ស្ដីពីការចាប់ខ្លួន លោក គុយ វ៉ាត ថៅកែហាង ផាក កាហ្វេ (Park Coffee) ពាក់ព័ន្ធបទ ល្មើសចេញសែកអត់ទឹកប្រាក់ និងបទឆបោកប្រាក់រាប់លានដុល្លារអាមេរិក។
តាមរយៈចំណងជើង នៃសំណេរដែលបានផ្សព្វផ្សាយទាំងនោះ សមាគមឧកញ៉ាកម្ពុជា បានសង្កេតឃើញថា មានអង្គភាពសារព័ត៌មាន និងសាធារណជន មួយចំនួនបានសរសេរ និងហៅ លោក គុយ វ៉ាត ថាជា "ឧកញ៉ា" ដើម្បី ទាក់ទាញចំណាប់អារម្មណ៍ និងមានបំណងផ្សេង ដែលនាំឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗ ធ្វើឱ្យមានការភាន់ច្រឡំ និងយល់ខុសជាសាធារណៈ និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ គុណតម្លៃនៃ គោរមវន្តឧកញ៉ា ដទៃ។
សមាគមឧកញ៉ាកម្ពុជាបានបញ្ជាក់ថា ៖ «លោក គុយ វ៉ាត មិនមែនមានគោរមងារជា "ឧកញ៉ា" ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះឡើយ។ ក្នុងនាមជាស្ថាប័នតំណាងឱ្យគោរមវន្តឧកញ៉ាទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ចំពោះការផ្សព្វផ្សាយ និងសូមគោរពសិទ្ធិក្នុងការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាំងអស់ ប៉ុន្តែគួរតែស្ថិតក្នុងក្រមសីលធម៌ វីជ្ជាជីវៈ ឈរលើសុចរិតភាព និងស្មារតីទទួលខុសត្រូវ»។
សូមបញ្ជាក់ថា លោក គុយ វ៉ាត ដែលជាអគ្គនាយក ក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ២០០៣។ ក្រុមហ៊ុនដំបូងដែលលោក បើកដំណើរការ គឺក្រុមហ៊ុន Atech IT Solutions បន្ទាប់មក ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុន អចលន ទ្រព្យ VTrust Property Co., Ltd រោងម៉ាស៊ីនកិន ថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ នាឆ្នាំ២០០៨ លោកបានវិនិយោគទៅលើក្រុមហ៊ុន ចំនួន ២ បន្ថែម ទៀត គឺ ក្រុមហ៊ុន Impact Digital Advertising និង ក្រុមហ៊ុន Phnom Penh Security Plc៕