លោកអភិបាល អូលីវីយ៉េ ផ្ញើសាររំលែកព្រះរាជបរមមរណទុក្ខនៃការទទួលមរណភាពរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល
លោកអភិបាល អូលីវីយ៉េ មីឆល ម៉ារី ជ្មីតហស្ល អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ បានផ្ញើលិខិតក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកព្រះរាជបរមមរណទុក្ខ នៃការទទួលមរណភាពរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីស្រឹង្គារ គង់ សំអុល។
លោកអភិបាល អូលីវីយ៉េ មីឆល ម៉ារី ជ្មីតហស្ល រួមជាមួយលោកអភិបាលភូមិភាគបាត់ដំបង និងកំពង់ចាម និងអស់លោកបូជាចារ្យបព្វជិតបព្វជិតា ព្រមទាំងគ្រីស្តបរិស័ទទាំងអស់ មានសេចក្តីតក់ស្លុតរន្ធត់ចិត្ត និងក្តីក្តុកក្តួលឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏សែនក្រៀមក្រំបំផុត ចំពោះការទទួលមរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា។
លោកបានលើកឡើងថា ៖ «នៅក្នុងពេលមានទុក្ខសោកសង្រេងបំផុតនេះ ព្រះសហគមន៍កាតូលិក សូមអធិដ្ឋានទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គប្រទានព្រះពរដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គបានធូរស្បើយ ពីទុក្ខលំបាកនេះ និងប្រកបដោយសេចក្តីសុខសាន្តជានិច្ច និងសូមវិញ្ញាណក្ខ័ន្ធរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រីស្រឹង្គារ ឆ្ពោះទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
លោកអភិបាលបានបន្តថា ៖ «ទូលព្រះបង្គំយើងខ្ញុំ សូមអធិដ្ឋានទូលអង្វរព្រះអម្ចាស់យេស៊ូគ្រីស្ត សូមព្រះអង្គគង់នៅជាមួយព្រះករុណា ជាអម្ចាស់ជីវិត លើត្បូង និងព្រះមហាក្សត្រីយានីជារៀងរហូត»។
សូមរម្លឹកដែរថា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទទួលមរណភាព នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
នាព្រឹកថ្ងៃទី៣ ខែកញ្ញានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុលផងដែរ។
សម្តេចតេជោ បានបង្ហាញនូវសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងក្រៀមក្រំជាទីបំផុតថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលត្រូវជាស្វាមី លោកជំទាវឧកញ៉ាធម្មាមង្គល មុនី បានទទួលមរណភាព។
ការទទួលមរណភាពរបស់សម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេចបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ។
ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា៕