លោកស្រី អេឡូឌី កូស៊ូអាំង (Elodie Gossuin) ឯកអគ្គរដ្ឋទូតយូនីសេហ្វប្រចាំប្រទេសបារាំង ចុះទស្សនកិច្ចពិនិត្យសេវាចាំបាច់សម្រាប់កុមារដែលធន់នឹងអាកាសធាតុ នៅ ប្រទេសកម្ពុជា

ឯកអគ្គរដ្ឋទូតយូនីសេហ្វប្រចាំប្រទេសបារាំង លោកស្រី 
អេឡូឌី កូស៊ូអាំង (Elodie Gossuin) បានមកបំពេញទស្សនកិច្ច​នៅកម្ពុជា ដើម្បីពិនិត្យមើលផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដែលកំពុងតែកើនឡើងមកលើកុមារ និង​ដំណោះស្រាយធន់នឹងអាកាសធាតុ ដែលអនុវត្តដោយយូនីសេហ្វ និង ដៃគូនានា ។

ជាពិធីករទូរទស្សន៍ និងអតីតបវរកញ្ញាបារាំង (Miss France) លោកស្រីអេឡូឌី ក៏ជាម្តាយដែលមានកូនបួននាក់ផងដែរ។ លោកស្រីបានធ្វើដំណើរជាមួយយូនីសេហ្វ ទៅកាន់ខេត្តសៀមរាប និងតំបន់ទន្លេសាប ។ នៅទីនោះ លោកស្រីបានជួបកុមារ និងគ្រួសារមួយចំនួនដែលរស់នៅប្រឈមនឹងការរំខានពីអាកាសធាតុ និងបានសង្កេតមើលគម្រោងជាច្រើន ដែលគាំទ្រដល់ការអប់រំ ការថែទាំសុខភាព និងការទទួលបានទឹកស្អាត ទោះបីជាមានការប្រឈមចំពោះអាកាសធាតុធ្ងន់ធ្ងរក្តី ។ លោកស្រីគឺជាអ្នកតស៊ូមតិដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះសិទ្ធិកុមារជាមួយយូនីសេហ្វប្រចាំប្រទេសបារាំង អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ។

លោកស្រី ម៉ារី ព្យែរ ស្ពីណូស៊ី (Marie-Pierre Spinosi) ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃ
យូនីសេហ្វប្រចាំប្រទេសបារាំង បានមានប្រសាសន៍ថា “លោកស្រី អេឡូឌី បានធ្វើការជាមួយពួកយើងអស់
រយៈពេល​ជាច្រើនឆ្នាំមកហើយ ហើយលោកស្រីតែងតែមានថាមពល ក្តីសប្បុរស និងការលះបង់ដដែល” ។

“នៅឯថ្នាក់មូលដ្ឋាន លោកស្រីបង្កើតចំណងមិត្តភាពជាមួយកុមារ ។ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកស្រីមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដរបស់លោកស្រីចំពោះសិទ្ធិកុមារ” ។

ការផ្តោតលើភាពធន់នឹងការប្រែប្រួលអាកាសធាតុ

ប្រទេសកម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុតពី​ការ​ប្រែប្រួល​អាកាសធាតុ។ គ្រោះរាំងស្ងួត និងទឹកជំនន់ញឹកញាប់កាន់តែច្រើនឡើង គំរាមកំហែងដល់លទ្ធភាពរបស់កុមារក្នុងការទទួលបានអាហារដែលមានជីវជាតិ ទឹកស្អាត និងបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព ។ យោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុចំពោះកុមារ (CCRI) របស់យូនីសេហ្វ ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី៤៦ ក្នុងចំណោមប្រទេសចំនួន១៦៣ ជាហេតុធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលកុមារប្រឈមនឹងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុ ។

កុមារចំនួនជិតពីរលាននាក់ ពោលគឺ មួយភាគបីនៃកុមារកម្ពុជាសរុបកំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ឬខ្ពស់ខ្លាំងទៅនឹងការប្រែប្រួលអាកាសធាតុនិងគ្រោះថ្នាក់ផ្នែកបរិស្ថាន ដូចជា កង្វះទឹកទន្លេ និងជំងឺឆ្លងពីភ្នាក់ងារចម្លង។ កុមារទាំងនេះប្រឈមមុខនឹងហានិភ័យអាកាសធាតុកាន់តែខ្លាំង ដោយសារតែសេវាសង្គមជាមូលដ្ឋានមិនទាន់អាចឆ្លើយតបនឹងតម្រូវការ។

នៅក្នុងខេត្តសៀមរាប លោកស្រី អេឡូឌី បានចុះទៅទស្សនកិច្ចនៅសាលារៀនដែលធន់នឹងអាកាសធាតុមួយ ហើយសាលានោះកំពុងផ្តល់ការអប់រំបំណិនជីវិតដោយផ្តោតលើបរិស្ថាន ។ សាលារៀននេះត្រូវបានបំពាក់ដោយបន្ទះថាមពលពន្លឺព្រះអាទិត្យ និងបរិក្ខារអនាម័យធន់នឹងទឹកជំនន់​ ដែលអាចឱ្យសិស្សបន្តការរៀនសូត្របាន ទោះបីជាមានហានិភ័យអាកាសធាតុក្តី ។

លោកស្រីឯកអគ្គរដ្ឋទូតយូនីសេហ្វបារាំង ក៏បានជួបជាមួយក្រុមគ្រួសារមួយចំនួននៅក្នុងស្រុកជីក្រែង ដែលនៅទីនោះ យូនីសេហ្វសហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន កំពុងតែរៀបចំឱ្យមានប្រព័ន្ធផ្គត់ផ្គង់ទឹកដែលធន់នឹងអាកាសធាតុ ។ លោកស្រីបានចុះទស្សនកិច្ចទៅកាន់មណ្ឌលសុខភាពបណ្តែតទឹកមួយនៅបឹងទន្លេសាប ដែលជាគំរូថែទាំសុខភាពដែលមានលក្ខណៈបន្ស៊ាំ និងផ្តល់សេវាដល់សហគមន៍ដាច់ស្រយាលដែលរងផលប៉ះពាល់ពីការប្រែប្រួលនៃនីវ៉ូទឹកបឹងទន្លសាប ។

លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់យូនីហេស្វប្រចាំប្រទេសបារាំង និងលោកស្រី អេឡូឌី ដែលបានផ្តល់ការគាំទ្រជាប្រចាំដល់ការងាររបស់យើងនៅថ្នាក់មូលដ្ឋាន ។ “ការចូលរួមចំណែកនេះ ជួយយើងក្នុងការអនុវត្តកម្មវិធីធន់នឹងអាកាសធាតុ ដែលការពារសិទ្ធិរបស់កុមារក្នុងការទទួលបានសេវាសុខភាព ការអប់រំ និងសុវត្ថិភាព ទោះបីជាមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីការប្រែប្រួលអាកាសធាតុក៏ដោយ ។ កុមារ គឺជាអ្នកទទួលខុសត្រូវតិចតួចបំផុតចំពោះវិបត្តិនេះ ប៉ុន្តែពួកគេជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។ ហេតុដូច្នេះហើយបានជាយើងកំពុងតែកសាងប្រព័ន្ធដែលមានភាពធន់ដើម្បីការពារអនាគតរបស់ពួកគេ ។”

ការការពារកុមារ​នៅក្នុងពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ

នៅក្នុងអំឡុងដំណើរទស្សនកិច្ច លោកស្រី អេឡូឌី បានជួបជាមួយក្រុមគ្រួសារដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាប្រព័ន្ធគាំពារសង្គម ដែលជួយជនងាយរងគ្រោះបំផុតឱ្យទទួលបានសេវាចាំបាច់នានា ។ លោកស្រីបានជួបកុមារដែលបានទទួលអាហារូបករណ៍ ស្ត្រីមានផ្ទៃពោះដែលបានទទួលអត្ថប្រយោជន៍ពីការថែទាំមុនពេលសម្រាលដោយឥតគិតថ្លៃ និងជនមានពិការភាពដែលបានទទួលជំនួយសាច់ប្រាក់តាមរយៈកម្មវិធីប្រកបដោយបរិយាបន្ននេះ ។

លោកស្រី ក៏បានស្វែងយល់ពីកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលអនុវត្តដោយយូនីសេហ្វ និងដៃគូនានា រួមទាំងវត្តអារាម និងព្រះសង្ឃផងដែរ ដែលលើកកម្ពស់ការដាក់វិន័យតាមបែបវិជ្ជមាន ទប់ស្កាត់អំពើហិង្សា និងបង្កើតការយល់ដឹងអំពីអាកាសធាតុ ។ នៅក្នុងកិច្ចសន្ទនារបស់លោកស្រីជាមួយថ្នាក់ដឹកនាំយុវជន លោកស្រី អេឡូឌី បានដឹងពីសកម្មភាពសហគមន៍ និងយុវជនក្នុងការបង្កើតដំណោះស្រាយជាក់ស្តែងដើម្បីកាត់បន្ថយហានិភ័យ និងការពារបរិស្ថានរបស់ពួកគេ ។

លោកស្រី អេឡូឌី បានមានប្រសាសន៍ថា “ការប្រែប្រួលអាកាសធាតុរំខានដល់អ្វីៗគ្រប់យ៉ាង ហើយកុមារតែងតែទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត” ។ “ប៉ុន្តែនៅទីនេះ នៅក្នុងប្រទេសកម្ពុជា ខ្ញុំបានឃើញដំណោះស្រាយ ការប្តេជ្ញាចិត្ត និងក្តីសង្ឃឹម ។ សាលារៀននៅតែបើកទ្វារ ទោះបីជាមានទឹកជំនន់ក្តី ។ យុវជនកំពុងតែចូលរួមការពារបរិស្ថានរបស់ពួកគេ ។ គ្រួសារកាន់តែរឹងមាំ ។ នេះគឺជាអ្វីដែលខ្ញុំចង់ឃើញ ។”

Daily Program

Livesteam thumbnail