លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នឹងទៅបារាំងនៅសប្តាហ៍ក្រោយ

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់កាលពីថ្ងៃពុធ ថា លោក និយាយទៅកាន់សមាភាគីបារាំងរបស់លោក លោកអេម៉ានូអែល ម៉ាក្រុងម្តងក្នុងមួយថ្ងៃ ហើយ​​​ប្រកាសថា លោកនឹងទៅបារាំងនៅសប្តាហ៍ក្រោយ។

នៅអំឡុងសន្និសីទកាសែត ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លោកទើបតែនិយាយ​ទៅ​​កាន់​ប្រធានាធិបតីបារាំងលោកម៉ាក្រុង។ យើងនិយាយគ្នាច្រើនជារឿយៗ ម្តងក្នុងមួយថ្ងៃ។ បន្ទាប់​មកលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបន្ថែមថា លោកនឹងទៅបារាំងនៅសប្តាហ៍ក្រោយ ហើយនិងមានការជួបប្រជុំជាច្រើន។

នៅលើតេឡេក្រាម ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា រុស្ស៊ីបានវាយប្រហារដ្រូន​អ៊ុយក្រែន ១៣២ គ្រឿង នៅលើដែនដីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍។ ជាសរុប ដ្រូន ៥៤​គ្រឿង​​ត្រូវបានបាញ់ទម្លាក់​នៅក្នុងតំបន់ សារ៉ាតូវ ប្រមាណ ៧០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍​ទីក្រុង​មូស្គូ និង ៤០គ្រឿង នៅតំបន់វ៉ូរ៉ូណេ ជិតខាង។

អគ្គមេបញ្ជាការកងទ័ព​នៃប្រទេសប្រមាណជាង ៣០នៅអឺរ៉ុប ដែលត្រៀមខ្លួនចូលរួមវិភាគ​ទាន​​​សម្រាប់​​ការ​ធានា​សន្តិសុខ​សម្រាប់អ៊ុយក្រែន បានជួបប្រជុំគ្នា​កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មីនា ដើម្បីពិភាក្សាអំពីផែនការមួយដើម្បីការថែរក្សាសន្តិភាពក្នុងករណីមានការឈប់បាញ់​ជាមួយ​​រុស្ស៊ី។  នាយករដ្ឋមន្រ្តីអង់គ្លេស លោកខេ ស្តាកមើ ដែលប្រឹងប្រែងជាមួយ​ប្រធានាធិបតី​បារាំង លោក​អេម៉ានូអែលម៉ាក្រុង ដើម្បីបង្កើតសម្ព័ន្ធមិត្តនៃប្រទេសស្ម័គ្រចិត្ត និង​​ដែលត្រៀមខ្លួននឹងចូល​រួម​វិភាគ​ទានតាមរបៀបណាមួយ បានថ្លែងសន្ទរកថាទៅកាន់មន្រ្តី​យោធា​អឺរ៉ុបទាំងនេះ។

កិច្ចប្រជុំគឺឧទ្ទិសសំដៅដល់ដំណាក់ប្រតិបត្តិ នៃផែនការថែរក្សាសន្តិភាព​ដែលគិតដោយ​លោក​អេម៉ានូអេល ម៉ាក្រុង និងលោកខេ ស្តាកមើ។ កិច្ចប្រជុំនេះ រៀបចំឡើង​នៅខណៈ​ដែល​ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ គឺការបញ្ឈប់​រាល់​ជំនួយយោធាពីលោកខាងលិចសម្រាប់អ៊ុយក្រែន។ ​រុស្ស៊ីក៏បានបដិសេធគំនិតនៃវត្តមាន​នៃ​​កងកម្លាំងបរទេសនៅអ៊ុយក្រែន​នៅក្នុងក្របខណ្ឌ​នៃកិច្ចព្រមព្រៀងបទឈប់បាញ់ផងដែរ។

នៅលើបណ្តាញសង្គាម Truth Social លោកដូណាល់ ត្រាំ បានសរសេរ កាលពីថ្ងៃពុធថា លោក​ទើបតែមានការហៅទូរសព្ទដ៏ល្អជាមួយ​ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី។ យើងស្ថិតនៅលើផ្លូវដ៏ល្អ។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​រំឭកជាមួយសមភាគី​របស់លោកអំពីការគ្រប់គ្រងដ៏មានសក្តានុពលរបស់អាម៉េរិក គឺមាន​តែនៅលើរោងចក្រនុយក្លេអ៊ែរ​របស់អ៊ុយក្រែន គឺរោងចក្រហ្ស៉ាប៉ូរីស្យា ដែលសព្វថ្ងៃនេះ ស្ថិត​នៅ​ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី និងមិនមែនមានច្រើនដូចដែលបង្ហាញកន្លងមកដោយ​ទីក្រុង​វ៉ាស៊ីនតុននោះទេ។

ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងដំណើរទស្សនកិច្ចទៅប្រទេសហ្វាងឡង់ បានបញ្ជាក់ថា យើង​បាន​និយាយតែលើរោងចក្រថាមពលមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី គឺ​រោងចក្រ​ហ្សាប៉ូរីស្យា។

រោងចក្រថាមពលហ្សាប៉ូរីស្យា គឺជារោងចក្រដែលធំបំផុតនៅអឺរ៉ុប ត្រូវបានគ្រប់គ្រងដោយ​រុស្ស៊ី​ចាប់តាំងពីសប្តាហ៍ទី១ នៃការឈ្លានពានចូលអ៊ុយក្រែន បីឆ្នាំមកហើយ និងសុវត្ថិភាព​របស់​​វា​គឺផុយស្រួយណាស់ ដែលធ្វើឲ្យមានការភ័យខ្លាចអំពីមហន្តរាយដ៏មានសក្តានុពល​មួយ។

បើតាមលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ការដំណើរការឡើងវិញពេញលេញនៃរោងចក្រអាចនឹង​ចំណាយពេល ២ឆ្នាំ ឬ ២ឆ្នាំ កន្លះ នៅក្នុងលក្ខខណ្ឌ​ដែលរុស្ស៊ីត្រូវប្រគល់មកវិញមិនគ្រាន់តែ​រោងចក្រ ប៉ុន្តែក៏ជាហេដ្ឋរចនាសម្ព័ន្ធនៅក្បែរទីតាំងចាំបាច់ដើម្បីឲ្យវាដំណើរការល្អ និងត្រូវ​ដក​អាវុធ​​ទាំងអស់ចេញពីតំបន់នេះ។

 

 

Daily Program

Livesteam thumbnail