លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ត្រូវបានទទួលស្វាគមន៍នៅទីក្រុងប្រ៊ុចសែល

ប្រធានាធិបតីអ៊ុយក្រែនត្រូវបានទទួលស្វាគមន៍កាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ុចសែល ដោយ​ប្រមុខអង្គការណាតូ លោកម៉ាក រូតតេ មុនប៉ុន្មានសប្តាហ៍មុនការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកកាន់អំណាចនៅសេតវិមាន។

ប្រមុខរបស់អង្គការណាតូ លោកម៉ាក រូតតេ បានទទួលស្វាគមន៍ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងប៊្រុចសែល ដើម្បីរំឭកមេដឹកនាំ អឺរ៉ុបនានាអំពីសង្រ្គាមនៅអ៊ុយក្រែន។

លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅក្បែលោកម៉ាក រូតតេ នៅទីស្នាក់ការអង្គការណាតូ នៅ ប្រ៊ុចសែល បានថ្លែងថា ការជួបប្រជុំនេះ គឺជាឱកាសដ៏ល្អណាស់ ដើម្បីនិយាយអំពីការធានា នូវសន្តិសុខសម្រាប់​អ៊ុយក្រែន សម្រាប់ថ្ងៃនេះ ក៏ដូចជាថ្ងៃអនាគត។

អ្នកការទូតម្នាក់នៅទីក្រុងប្រ៊ុចសែល បានធ្វើការសង្ខេបថា កិច្ចប្រជុំនេះ មុនមួយថ្ងៃនៃកិច្ចប្រជុំ កំពូលសហភាពអឺរ៉ុបសំដៅប្រមូលផ្តុំសម្ព័ន្ធមិត្តអឺរ៉ុប ដែល​មានចិត្តដាច់ខាតក្នុងការគាំទ្រទីក្រុង​គៀវ និងដើម្បីពង្រឹងការពិចារណាលើ​ប្រធានបទពីរ ទី១ តើការចាប់ផ្តើមរដ្ឋបាល របស់លោក​ដូណាល់​ត្រាំនៅអាម៉េរិកនឹងធ្វើឲ្យស្ថានភាពប្រែប្រួលយ៉ាងដូចម្តេច? ទី២ តើគេអាចធ្វើអ្វី​បន្ថែម​ទៀត សម្រាប់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ៖ “អឺរ៉ុបត្រូវការជំហខ្លាំង និងរួបរួមដើម្បីអាច​ឲ្យ មានសន្តិភាពដោយចីរភាព។” អឺរ៉ុបព្រួយបារម្ភ អំពីលទ្ធភាពនៃការព្យួរជំនួយយោធាអាម៉េរិក មកឲ្យអ៊ុយក្រែន និងកិច្ចសន្យារបស់លោកដូណាល់ ត្រាំ បញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤​ម៉ោង”។ នៅក្នុងបរិបទនេះ អ៊ុយក្រែនពីពេលនេះទៅ រំឭកអំពីសមតិកម្មនៃកិច្ចចរចាសន្តិភាព ដែលអ៊ុយក្រែនបានបោះបង់ចោលយូរហើយ ប៉ុន្តែតែនៅក្នុងលក្ខខណ្ឌ​ដែលសន្តិសុខ របស់​អ៊ុយក្រែនត្រូវបានធានា។

មេដឹកនាំប្រទេសអាឡឺម៉ង ប៉ូឡូញ អ៊ីតាលី ដាណឺម៉ាក ហូឡង់ និងស្ថាបនសំខាន់ៗ នៃ សហភាពអឺរ៉ុប បានចូលរួមសម្រាប់កិច្ចប្រជុំនេះ នៅជុំវិញលោកម៉ាក រូតតេ។

លោកស្រី អៀស៊ូឡា វន ឌើ ឡេយេន ប្រធានគណកម្មការអឺរ៉ុប កាលពីថ្ងៃពុធ​ បាននិយាយ​សង្កត់​ធ្ងន់ ថា ៖ “ពង្រឹងអ៊ុយក្រែនឥឡូវ គឺមិនគ្រាន់តែជារឿងគុណធម៌ទេ ប៉ុន្តែក៏ជាយុទ្ធ​សាស្រ្ត​ដែរ។”

លោកអធិការបតីអាឡឺម៉ង លោកអូឡាហ្វ ស្កូល នៅពេលមកដល់ប្រ៊ុចសែល បានបញ្ជាក់ថា អាទិភាព គឺធានាថា អ៊ុយក្រែនមិនត្រូវបង្ខំឲ្យទទួលសន្តិភាព ដែលគេហៅឲ្យសរសេរ”។

កាលពីថ្ងៃអង្ការ លោកហ្សេឡេនស្គី បានអំពាវនាវឲ្យមានសន្តិភាពជានិរន្តរ៍ ដែលលោក ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន នឹងមិនអាចបំបាក់បាន។ ហើយសម្រាប់​លោក មធ្យោបាយតែមួយ ក្នុងការធានាសន្តិភាព គឺថា អ៊ុយក្រែនចូលជាសមាជិកណាតូដើម្បី​ទទួល​បានគុណប្រយោជន៍ពីការការពារ។

ប្រទេសបារាំង និងប៉ូឡូញ បានពិភាក្សាកាលពីសប្តាហ៍មុន នៅរដ្ឋធានីវ៉ាសូវី នឹងបញ្ជូន កង កម្លាំងទៅអ៊ុយក្រែនដើម្បីធានាការគោរពនូវបទឈប់បាញ់ណាមួយ​ដែលអាចកើតឡើង ជាយថាហេតុ។

អ្នកការទូតអឺរ៉ុប បញ្ជាក់ថា កិច្ចពិភាក្សារីកចម្រើន ប៉ុន្តែកិច្ចពិភាក្សានេះលំបាកគិតទៅភាព មិន ច្បាស់លាស់ ដែលព័ទ្ធជុំវិញ​សំណើរដែលមានមកពីលោកដូណាល់ត្រាំ។

សម្រាប់ប្រធានាធិបតីអ៊ុយក្រែន ភាពបន្ទាន់ គឺត្រូវទទួលបានអាវុធបន្ថែមដើម្បីអាចផ្លាស់ប្តូរ​ស្ថានការណ៍នៅលើសមរភូមិ។ បើយោងតាមលោកម៉ាក រូតតេ បានឲ្យដឹងថា អ៊ុយក្រែន​ត្រូវ​ការ​ប្រព័ន្ធការពារអាកាស ១៩សម្រាប់ បន្ថែម ដើម្បីការពារខ្លួនពីការវាយប្រហារ​ជានិច្ច​កាល​ពី​កង​កម្លាំងរុស្ស៊ីប្រឆាំងនឹង​ទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធថាមពល​របស់​ខ្លួន។

 

Daily Program

Livesteam thumbnail