លោកបូជាចារ្យម្នាក់ត្រូវបានធ្វើឃាតនៅប្រទេសម៉ិកស៊ិក
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យម្នាក់នៅក្នុងប្រទេសម៉ិកស៊ិកត្រូវបានគេធ្វើឃាត ហើយ អំពើឃាតកម្មនៃបព្វជិតសាសនានេះ ត្រូវបានថ្កោលទោសដោយអ្នកចូលរួមមហាសន្និបាតដែលកំពុងតែរៀបចំ នៅបុរីវ៉ាទីកង់ ។
លោកបូជាចារ្យ ម៉ាសេឡូ ប៉េរ៉េ ប៉េរ៉េ (Marcelo Pérez Pérez) ដែលជាអ្នកទទួលខុសត្រូវនៅព្រះសហគមន៍កាតូលិកនៃព្រះសហគមន៍កាតូលិក Cuxtitali នៅ រដ្ឋ San Cristóbal de Las Casas ប្រទេសម៉ិកស៊ិកត្រូវបានសម្លាប់បន្ទាប់ពីប្រារព្ធពិធីអភិបូជាកាលពីថ្ងៃទី ២០ ខែតុលា ថ្មីៗនេះ។
បងស្រី ម៉ារៀ ដេ ឡូស ឌូឡូរ៉េស ប៉ាឡេនស្សា ហ្គោមេ (María de los Dolores Palencia Gómez ) មកពីប្រទេស ម៉ិកស៊ិក ដែលបានចូលរួមនៅក្នុងមហាសន្និបាតនៅបុរីវ៉ាទីកង់បាននិយាយថា អំពើឃាតកម្មនេះត្រូវតែស៊ើបអង្កេត។
ដោយឡែកបន្ទាប់ពីទទួលព័ត៌មានអំពីមរណភាពនេះ មហាសន្និបាតបានរៀបចំពិធីអធិដ្ឋានមួយជូន លោកបូជាចារ្យ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយនឹងព្រះសហគមន៍ និងប្រជាជនម៉ិកស៊ិក។
បងស្រីបានមានប្រសាសន៍ថា លោកបូជាចារ្យដែលត្រូវគេធ្វើឃាត ជាអ្នកចម្បាំងសន្តិភាពដែលព្យាយាមនាំការសន្ទនានិងយុត្តិធម៌ដល់ជនក្រីក្របំផុត។
បងស្រីបានបន្តថា លោកបូជាចារ្យជាសមាជិកនៃកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅម៉ិកស៊ិក ហើយបានតស៊ូមតិដើម្បីសិទ្ធិរបស់សហគមន៍របស់ជនជាតិភាគតិចនៅទីនោះ និងបាននិយាយប្រឆាំងនឹងអំពើហិង្សានៅក្នុងប្រទេសនេះ៕