លោកណេតាន់យ៉ាហ៊ូ បានប្រាប់ទៅកាន់លោកបាយឌិនអំពីការសន្យាវាយប្រហារមូលដ្ឋានយោធាអ៊ីរ៉ង់
កាលពីថ្ងៃចន្ទ សារព័ត៌មានវ៉ាស៊ីនតុន ប៉ុស្ត បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាននិយាយទៅកាន់សម្ព័ន្ធមិត្តអាម៉េរិកថា សច្ចាវាយប្រហារ ទាហានអ៊ីរ៉ង តែមិនមែនជាហេដ្ឋារចនាសម្ព័ន្ធប្រេងកាត ឬនុយក្លេអ៊ែរអ៊ីរ៉ងទេ ដែលនេះដើម្បីជាការសងសឹកចំពោះការបាញ់មីស៊ីលប្រមាណ ២០០ គ្រាប់ដោយទីក្រុងតេអេរ៉ង មកលើអ៊ីស្រាអែល។
យោងតាមមន្រ្តីជាន់ខ្ពស់ពីររូបដែលនៅស្និទ្ធនឹងសំណុំរឿងនេះ និងដែលនិយាយក្នុងភាពអនាមិក សម្រាប់កាសែតប្រចាំថ្ងៃរបស់អាម៉េរិក បានឲ្យដឹងថា ប្រមុខរដ្ឋអ៊ីស្រាអែល ធ្លាប់បានសន្យារឿងនេះចំពោះលោកចូ បាយឌិន នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី៩ ខែតុលា។ ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ដែលជាការឆ្លើយតបជាបន្តបន្ទាប់លើសត្រូវ បានកើតមានឡើងនៅអំឡុងពេលជិតការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី៥ វិច្ឆិកា ហើយត្រូវធ្វើឲ្យសមស្របដើម្បីធ្វើឲ្យវាមិនត្រូវបានគេយល់ឃើញថា ជាការជ្រៀតជ្រែកខាងនយោបាយចំពោះការបោះឆ្នោតនេះ។
ចំណែកសារព័ត៌មាន The Wall Stree Journal បានធ្វើកំណត់សម្គាល់ថា ៖ “អ្នកវិភាគខ្លះ វាយតម្លៃថា លោកបាយឌិន គួរតែប្រុងប្រយ័ត្នចំពោះការសន្យារបស់លោកណេតាន់យ៉ាហ៊ូ”។
ចំណែកនៅប្រទេសលីបង់ ប្រមុខអង្គការសហប្រជាជាតិនៅប្រទេសនេះ លោកហ្ស៉ង់ ព្យែរ៍ ឡឺ ក្រ័រ បានថ្លែងថា កងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិ នឹងរក្សាទីតាំងរបស់ខ្លួនសព្វថ្ងៃនៅលីបង់ ទោះបីជាមានការអំពាវនាវរបស់អ៊ីស្រាអែលដែលសុំឲ្យពួកគេផ្លាស់ប្តូរទីតាំងនៅខណៈដែលការប្រយុទ្ធជាមួយនឹងក្រុមសកម្មប្រយុទ្ធហេហ្សបូឡា រីករាលដាលធំឡើងក៏ដោយ។ កងកម្លាំងនៃអង្គការសហប្រជាជាតិនៅលីបង់ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានទាមទារសាជាថ្មីកាលពីថ្ងៃចន្ទ ឲ្យ កងទ័ពមួយខៀវដែលពង្រាយនៅភាគខាងត្បូងលីបង់ ត្រូវដកថយពីទីតាំងខ្លះដែលនៅជិតព្រំដែនរវាងអ៊ីស្រាអែល និងលីបង់។ លោកណេតាន់យ៉ាហ៊ូបានថ្លែងថា វាជាព័ត៌មានក្លែងក្លាយទាំងស្រុង ដែលថា ទាហានអ៊ីស្រាអែលបានវាយប្រហារដាក់គោលដៅលើកងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅប្រទេសលីបង់ ឬហៅថា កាត់ថា ហ្វ៊ីនូល។
ភាពតានតឹងរវាងអ៊ីស្រាអែល និងហ្វ៊ីនូល បានកើនឡើងទ្វេគុណនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ កងទ័ពមួកខៀវ ៥នាក់បានរងរបួសដោយទាហានអ៊ីស្រាអែល ដែលនេះធ្វើឲ្យអ៊ីស្រាអែលទទួលរងការរិះគន់យ៉ាងខ្លាំង។
រដ្ឋមន្រ្តីក្រសួងការបរទេសរបស់បារាំង អាឡឺម៉ង អ៊ីតាលី និងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ បានថ្កោលទោសការគំរាមកំហែងដែលដាក់មកលើហ្វ៊ីនូល និងអំពាវនាវឲ្យការវាយប្រហារដែលសំដៅលើកងកម្លាំងនេះត្រូវបញ្ឈប់ជាបន្ទាន់។
នៅក្នុងសេចក្តីប្រកាសរួមមួយ រដ្ឋមន្រ្តីទាំងនេះ បានសរសេរថា ៖ “យើង រដ្ឋមន្រ្តីការបរទេសនៃប្រទេសបារាំង អាឡឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស សម្តែងនូវការព្រួយបារម្ភដ៏ជ្រាលជ្រៅបន្ទាប់ពីមានការវាយប្រហារថ្មីៗ ប្រឆាំងនឹងមូលដ្ឋានរបស់ហ្វ៊ីនូល ដែលធ្វើឲ្យមានអ្នករងរបួសជាច្រើននាក់ ក្នុងចំណោមកងទ័ពរក្សាសន្តិភាព”។
កាលពីថ្ងៃចន្ទដែរ ពិធីហែសពបានប្រព្រឹត្តិទៅនៅក្នុងទីក្រុងពិសិដ្ឋស៊ីអ៊ីត ខឺបាឡា នៅភាគកណ្តាលប្រទេសអ៊ីរ៉ាក់។ នេះជាការគោរពវិញ្ញាណក្ខន្ធដល់ ឧត្តមសេនីយ៍អាបបាស នីលហ្វ៉ូរូស្ហ៉ាន់ ដែលត្រូវបានសម្លាប់នៅប្រទេសលីបង់ ជាមួយនិងប្រមុខក្រុមហេហ្សបូឡា លីបង់ នៅអំឡុងមានការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងបេរូត កាលពីដំណាច់ខែកញ្ញា។