លោកដូណាល់ ត្រាំ ប្រកាសថា លោកយកចិត្តទុកដាក់បញ្ជូនអាវុធការពារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន

មានការប្រែប្រួលស្ថានភាពនៅទីក្រុងវ៉ាស៊ីនតុន។ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានសន្យាថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនអាវុធបន្ថែមទៀតទៅអ៊ុយក្រែន។ លោកត្រាំថ្លែងបែបនេះប៉ុន្មានថ្ងៃ ក្រោយពីការប្រកាសព្យួរការផ្គត់ផ្គង់អាវុធខ្លះរបស់អាម៉េរិកទៅឲ្យអ៊ុយក្រែន និងនៅខណៈដែលការងារការទូតពើបប្រទះនឹងភាពទាល់ច្រក។
ប្រធានាធិបតីអាម៉េរិកនិយាយថា មិនសប្បាយចិត្តពាក់ព័ន្ធនឹងមេដឹកនាំរុស្ស៊ី គឺលោកវ្លាឌីមៀ ពូទីន។ លោកបានថ្លែងថា យើងនឹងបញ្ជូនអាវុធបន្ថែមទៀត ជាសំខាន់គឺអាវុធការពារ”។ លោកដូណាល់ ត្រាំ បន្ថែមថា អ៊ុយក្រែនរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ធ្ងន់ធ្ងរខ្លាំងណាស់។
ចាប់តាំងពីខែមករា ប្រធានាធិបតីអាម៉េរិកបានខិតជិតគ្នានឹងសមភាគីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន និងដាក់សំពាធដើម្បីទទួលបានការបញ្ឈប់ការប្រយុទ្ធ ដោយមិនបានឈានទៅរកលទ្ធផលជាក់ស្តែងទេ។ តាមរបៀបមិនបានរំពឹងទុក រដ្ឋាភិបាលរបស់លោក បានថ្លែងថាបានបញ្ឈប់ផ្គត់ផ្គង់អាវុធខ្លះទៅឲ្យទីក្រុងគៀវដោយផ្លូវការ ក្នុងហេតុផលព្រួយបារម្ភអំពីការធ្លាក់ចុះនូវស្តុកអាវុធរបស់សហរដ្ឋអាម៉េរិក។
នៅអំឡុងអណត្តិរបស់អតីតប្រធានាធិបតីចូ បាយឌិន ទីក្រុងវ៉ាស៊ីនតុន បានសន្យាផ្តល់នូវទឹកប្រាក់ ៦៥ពាន់លានដុល្លារ ជាជំនួយយោធាសម្រាប់អ៊ុយក្រែន។ ចំណែកលោកដូណាល់ ត្រាំ មិនបានប្រកាសជំនួយថ្មីទេដល់ទីក្រុងគៀវ ចាប់តាំងពីខែមករា។
កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ លោកដូណាល់ ត្រាំ និយាយខ្លួនលោកថា មិនសប្បាយចិត្ត បន្ទាប់ពីការហៅទូរសព្ទមុននោះមួយថ្ងៃ ជាមួយលោកវ្លាឌីមៀ ពូទីន។ នៅច្រកចូលយន្តហោះប្រធានាធិបតី Air Force One លោកដូណាល់ ត្រាំ បានបញ្ជាក់ថា ៖ “លោកពូទីនចង់ទៅដល់ចុងបំផុត គ្រាន់តែបន្តសម្លាប់មនុស្ស។ នេះមិនមែនជារឿងល្អទេ។”
លោកប្រធានាធិបតីអាម៉េរិកបានធ្វើឲ្យគេជឿជាក់ថា លោកនឹងអាចត្រៀមដាក់ទណ្ឌកម្មឲ្យកាន់តែធ្ងន់ធ្ងរប្រឆាំងនឹងទីក្រុងមូស្គូ បន្ទាប់ពីបានបញ្ចៀសរយៈពេល ៦ខែមកហើយ ក្នុងការប្រើប្រាស់ទណ្ឌកម្ម នៅខណៈដែលលោកព្យាយាមបញ្ចុះបញ្ចូលសមភាគីរុស្ស៊ីរបស់លោកឲ្យបញ្ចប់សង្រ្គាម។
លោកវ្លាឌីមៀ ពូទីន នៅតែរក្សាការសុំរបស់លោកខ្ពស់បំផុត ជាពិសេស គឺទីក្រុងគៀវប្រគល់មកឲ្យរុស្ស៊ីនូវតំបន់ទាំងឡាយរបស់អ៊ុយក្រែនដែលរុស្ស៊ីបានភ្ជាប់ជាឧបសម្ព័ន្ធ និងឲ្យអ៊ុយក្រែនបោះបង់ការចូលរួមជាមួយអង្គការសម្ព័ន្ធមិត្តណាតូ។ មេដឹកនាំអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច វិនិច្ឆ័យថា លក្ខខណ្ឌទាំងនេះគឺជាការមិនអាចទទួលយកបាន។ ចំណែកអ៊ុយក្រែន ទាមទារឲ្យទាហានរុស្ស៊ីដកថយទាំងស្រុងពីដែនដីរបស់ខ្លួន ដែលរុស្ស៊ីបានកាន់កាប់ប្រមាណ ២០%។
នៅលើសមរភូមិកាលពីថ្ងៃចន្ទ រុស្ស៊ីបានអះអាងថា បានចាប់ដណ្តើមយកទីប្រជុំជនមួយនៅក្នុងតំបន់ឌីនីប្រូ ប៉េត្រូ នៅក្នុងភាគកណ្តាលខាងកើតប្រទេសអ៊ុយក្រែន។ ភូមិដាតឆ្ន័រ ដែលស្ថិតនៅប្រមាណ ៧០គម ពីទីក្រុងធំដូណេត បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ទីក្រុងគៀវ មិនបានប្រតិកម្មភ្លាមទេ ចំពោះការប្រកាសនេះ។ ព្រលឹមថ្ងៃចន្ទ អគ្គមេបញ្ជាការកងទ័ព បានអះអាងថា ការវាយប្រហាររបស់រុស្ស៊ីត្រូវបានរុញច្រានទៅវិញមុនមួយថ្ងៃនៅបរិវេញជុំវិញភូមិនោះ។
សម្រាប់លោកអូឡេចស៊ីអ៊ី កូពីត្កូ អ្នកជំនាញយោធាអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសរុស្ស៊ីអាចព្យាយាមស្ថាបនាតំបន់ទ្រនាប់ដើម្បីកម្រិតការវាយប្រហាររបស់អ៊ុយក្រេននៅលើសមរភូមិជួរមុខ និងក្នុងទីជម្រៅ។
Daily Program
