លោកដូណាល់ ត្រាំ ចាប់ផ្តើមរៀបចំជំនួបពូទីន ហ្ស៉េឡេនស្គី

បីឆ្នាំកន្លះ បន្ទាប់ពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន កិច្ចប្រជុំកំពូលរវាងលោកវ្លាឌីមៀ ពូទីន និងលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ស្ថិតនៅលើផ្លូវមើលឃើញ បន្ទាប់ពីការប្រជុំរបស់មេដឹកនាំអឺរ៉ុបនៅជុំវិញប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១៨ ខែសីហា នៅទីក្រុងវ៉ាស៊ីនតុន។ ប្រធានាធិបតីអាម៉េរិក បានឲ្យដឹងថា លោកបានចាប់ផ្តើមរៀបចំឲ្យមានជំនួបបែបនេះបន្ទាប់ពីមានកិច្ចសន្ទនាដ៏ល្អជាមួយប្រធានាធិបតីអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុបជាច្រើនទៀត។ ចំណែកលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអរគុណលោកដូណាល់ ត្រាំសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោកដើម្បីបញ្ចប់ការកាប់សម្លាប់ និងបញ្ឈប់សង្រ្គាមនេះ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាម៉េរិក បានអះអាងថា លោករៀបចំឲ្យមានជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បន្ទាប់ពីបានសន្ទនាក្នុងថ្ងៃតែមួយជាមួយមេដឹកនាំទាំងពីរ។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំ បានបន្ថែមថា ៖ “នៅពេលជំនួបនេះប្រព្រឹត្តិទៅ យើងនឹងរៀបចំកិច្ចប្រជុំត្រីភាគី ដែលជួបជុំរវាង មេដឹកនាំទាំងពីរ និងរូបលោកផងដែរ”។ លោកដូណាល់ ត្រាំ បញ្ជាក់ថា កិច្ចប្រជុំដំបូង រវាងលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី និងលោកវ្លាឌីមៀ ពូទីន នឹងប្រព្រឹត្តទៅនៅកន្លែងមួយដែលនឹងកំណត់។
លោកអធិការបតីអាឡឺម៉ង់ លោកហ្វ្រ៊ីឌ្រីដ ម៉ឺហ្ស៍ នៅអំឡុងកិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីអាម៉េរិក បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីបានព្រមព្រៀង សម្រាប់ជំនួបនាពេលអនាគតនេះ ដែលគួរតែកើតមានឡើងនៅ ២សប្តាហ៍ ខាងមុខ។ ចំណែកប្រមុខរដ្ឋអ៊ុយក្រែន បានថ្លែងប្រាប់ថា យើងត្រៀមខ្លួនសម្រាប់ជំនួបទ្វេភាគីជាមួយលោកពូទីន និងបន្ទាប់មក យើងនឹងចូលរួមជំនួបត្រីភាគីជាមួយនឹងការចូលរួមពីលោកដូណាល់ ត្រាំ។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា ក្រុមសម្ព័ន្ធមិត្តលោកខាងលិចនឹងផ្តល់ទម្រង់ផ្លូវការ ពីពេលនេះទៅ ១០ថ្ងៃ ខាងមុខ នូវការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដើម្បីបង្ការរាល់ការវាយប្រហារថ្មីរបស់រុស្ស៊ី ក្នុងករណីអ៊ុយក្រែនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ។
ចេញពីការចរចានៅសេតវិមានជាមួយលោកដូណាល់ ត្រាំ និងបណ្តាមេដឹកនាំអឺរ៉ុប លោកហ្សេឡេនស្គី បានរៀបរាប់ថា ៖ ”ការធានាសន្តិសុខនឹងប្រហែលជាត្រូវបានសម្រេចចិត្តធ្វើដោយដៃគូរបស់យើង ហើយវាកាន់តែលំអិតឡើងៗ ដោយសារអ្វីៗ ទាំងអស់នឹងត្រូវសរសេរចុះលើក្រដាស់ និងធ្វើជាផ្លូវការ ពីពេលនេះ ទៅ ១សប្តាហ៍ ឬ ១០ថ្ងៃ”។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបន្ថែមថា ៖ “វាមានសារសំខាន់ដែលសហរដ្ឋអាម៉េរិក ផ្តល់នូវសញ្ញាច្បាស់ថា អាម៉េរិកនឹងចូលរួមជាមួយប្រទេសដែលជួយសម្របសម្រួល និងក៏ជាអ្នកចូលរួមក្នុងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនដែរ។ លោកគិតថា នេះ នឹងគឺជាជំហានដ៏ធំទៅមុខទៀត។ ដោយលើកឡើងចេញពីសេចក្តីប្រកាសពីការិយាល័យប្រធានាធិបតី លោកដូណាល់ ត្រាំ ធ្លាប់រំឭកអំពីការធានាសន្តិសុខដែលនឹងផ្តល់ដល់អ៊ុយក្រែនដោយមហាអំណាចអឺរ៉ុប ដោយមានកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាម៉េរិក។
ចំណែកលោកអេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអះអាងថា ការធានាសន្តិសុខមួយក្នុងចំណោមការធានាសន្តិសុខទាំងឡាយសម្រាប់អ៊ុយក្រែន ដែលនឹងនាំមកជាមួយនឹងរាល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី គឺត្រូវធ្វើឲ្យទាហានអ៊ុយក្រែនមានកម្លាំងខ្លាំងល្មមដើម្បីរារាំងការវាយប្រហារថ្មីដែលអាចកើតមានឡើងមិនទៀងពីទីក្រុងមូស្គូ។ លោកបានថ្លែងថា ដូច្នេះទាហានអ៊ុយក្រែននឹងមិនត្រូវមានការកម្រិតចំនួន សមត្ថភាព និងសព្វាវុធនោះទេ៕
Daily Program
