លោកកាឌីណាល់ លូវីស ​ផ្ញើសារ​លើកទឹកចិត្តដល់យុវជន​កម្ពុជាសម្រាប់​សន្និបាតយុវជន​អន្តរភូមិភាគ​

លោកកាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេ ទទួលបន្ទុកក្រសួងប្រកាសដំណឹងល្អដល់ប្រជាជាតិទាំងឡាយ បាន​ថ្លែងផ្ញើសារ​លើកទឹកចិត្តដល់យុវជន​កម្ពុជាសម្រាប់​សន្និបាតយុវជន​អន្តរភូមិភាគ។

លោកកាឌីណាល់ បានលើកឡើងថា​ លោកបានទទួលដំណឹងថានៅប្រទេសកម្ពុជាមានសន្និបាតយុវជនអន្តរភូមិភាគ ដើម្បីចូលរួម​ក្នុង​ជីវិត និង​បេសកកម្ម​របស់​ព្រះសហគមន៍​នៅក្នុង​ប្រទេសកម្ពុជា ហើយក៏ក្នុង​ព្រះ​សហគមន៍​សកល​ដែរ។

លោកបានមានប្រសាសន៍ថា ៖ «យើង​សូមលើកទឹកចិត្ត​បងប្អូនថា ភាពជាយុវជនយុវនារី គឺជាព្រះអំណោយទាន​របស់​ព្រះជាម្ចាស់។ សូមព្យាយាម​ស្វែងរក​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដែល​បាន​ប្រទាន​ដល់បងប្អូន​ម្នាក់ៗ​ក្នុង​នាម​ជាយុវជន»។

«ទាំងគំនិតប្រាជ្ញា ទាំងកម្លាំង ទាំងសមត្ថភាពនិងក្តីស្រមៃ និង​សរីរាង្គ​របស់បងប្អូន​សូមប្រើ​វាសម្រាប់​បេសកកម្ម​របស់​ព្រះសហគមន៍។ សូមកុំប្រើទេសព​កោសល្យ​នោះ ដោយ​ឥតប្រយោជន៍​ ឬក៏បំផ្លាញ​ជីវិត​ ឬសង្គម»។

លោកកាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេ បាន​ណែនាំឱ្យយុវជនកម្ពុជា ប្រើទេពកោសល្យ​ ឱ្យ​មានប្រយោជន៍​ ​នោះព្រះភក្ត្រ​របស់​ព្រះជាម្ចាស់​ និង​កិច្ច​ការប្រកាស​ដំណឹង​ល្អរបស់ព្រះអង្គ នឹង​រីកសាយភាពនៅក្នុង​មាតុភូមិ​របស់​បងប្អូន ក្នុង​ព្រះ​សហគមន៍​ ក្រុមគ្រួសារ​របស់បងប្អូន និង​ពិភពលោកទាំងមូល។

លោកបានបញ្ជាក់ថា ៖ «សង្ឃឹមថា យុវជនកម្ពុជា នឹងរួមចំណែក​ក្នុង​បេសកកម្ម​របស់​ព្រះសហគមន៍​សកល​បន្ទាប់ពីកម្មវិធីនេះ។ សូមព្រះ​ជាម្ចាស់​ប្រទានពរ​ដល់បងប្អូន»។​

សូមបញ្ជាក់ថា យុវជនកាតូលិក កម្ពុជា ប្រារព្វសន្និបាតយុវជនអន្តរភូមិភាគ ចាប់ពីថ្ងៃទី១៦-១៩ ខែតុលា ឆ្នាំ២០២៤៕

 

Daily Program

Livesteam thumbnail