លោកកាឌីណាល់ តាគ្លេ ៖ សម្តេចប៉ាបឡេអូទី១៤ជាគង្វាលព្រះសហគមន៍ដ៏វិជ្ជមាន

លោកកាឌីណាល់ ល្វីស​ អេនតូនីញ៉ូ តាគ្លេ(Luis Antonio Tagle)បានមានប្រសាសន៍ថា សម្តេចប៉ាបឡេអូទី១៤ គឺជាអ្នកគង្វាលដ៏វិជ្ជមានសម្រាប់​ព្រះសហគមន៍កាតូលិក។​ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

ប្រភពដដែលបានបន្តថា លោកកាឌីណាល់ តាគ្លេនិង សម្តេចប៉ាបឡេអូ នាអតីតកាល ទ្រង់តែងធ្វើការនិងប្រាស័យទាក់ទងគ្នាច្រើន និង ញឹកញាប់។

លោកកាឌីណាល់ តាគ្លេបានចែករំលែកព័ត៌មានអំពីផ្លូវវិញ្ញាណថា នៅក្នុងរយៈពេលជិតមួយខែនៃកម្មវិធីបុណ្យសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ជាពិសេសគឺថ្ងៃបោះឆ្នោតជ្រើសរើសសម្តេចប៉ាប ទ្រង់និងលោក គឺអង្គុយក្បែរគ្នា។

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូកាលនៅជាកាឌីណាល់នៃប្រទេស​ប៉េរ៉ូ-អាមេរិក និង លោក​តាគ្លេដែលជាកាឌីណាល់មកពីហ្វីលីពីន គឺបានស្គាល់គ្នាអស់ជាច្រើនឆ្នាំមកហើយ។

លោកកាឌីណាល់ តាគ្លេបានចែករំលែកថា មួយរយៈពេលចុងក្រោយនេះ លោក និង សម្តេចប៉ាបក៏ធ្លាប់បានធ្វើការជាមួយគ្នាជាច្រើនផងដែរ ក្នុងនាមជាប្រមុខនៃស្ថាប័នដឹកនាំនៅសន្តអាសនៈ ដោយលោកតាគ្លេជាអ្នកទទួលខុសត្រូវក្រសួងប្រកាសដំណឹងល្អ ហើយ សម្តេចប៉ាបកាលនោះ គឺជាកាឌីណាល់គ្រប់គ្រងក្រសួងមើលការខុសត្រូវលោកអភិបាលនៃសន្តអាសនៈ។

លោកកាឌីណាល់បានរៀបរាប់ផងដែរថា លោក​និងស​ម្តេចប៉ាបឡេអូទី១៤ គឺធ្លាប់បានស្គាល់គ្នាតាំងតែពីនៅ​ទីក្រុង​ម៉ានីល នៅពេលដែល​ទ្រង់នៅគ្រប់គ្រងក្រុមសាសនទូតសន្តអូគូស្តាំង។​

លោកបានបន្តទៀតថា ក្រោយមក នៅក្នុងឆ្នាំ២០២៣ លោក និងទ្រង់ក៏កាន់តែស្គាល់គ្នាច្បាស់ ដោយយើងបានមកបម្រើព្រះសហគមន៍នៅវ៉ាទីកង់ដូចគ្នា។

លោកបានបន្តថា សម្តេចប៉ាបឡេអូ​ទី​១៤  មានសមត្ថភាពយ៉ាងស៊ីជម្រៅ និងអត់ធ្មត់ក្នុងការស្តាប់ និងចូលរួមការសិក្សាឈ្វេងយល់។

សម្តេចប៉ាបឡេអូតែងតែបង្ហាញនូវអារម្មណ៍ និងចំណូលចិត្តរបស់ទ្រង់ដោយមិនដាក់បន្ទុកនរណាម្នាក់ ហើយជាមនុស្សដែលមាន​បញ្ញា និង​ការប្រុងប្រយ័ត្ន​យ៉ាង​ល្អ ប៉ុន្តែ​មិន​បង្ហាញ​ខ្លួន​ឡើយ។

លោកបានបន្តទៀតថា សម្តេចប៉ាបជាមនុស្សដែលមានទំនាក់ទំនងក្នុងលក្ខណៈជាភាពកក់ក្តៅ ហើយ​ស្ងប់ស្ងាត់៕

Daily Program

Livesteam thumbnail