លោកកាឌីណាល់នៅម៉ានីល ថា៖ «កំហុសរបស់អ្នកទោសមិនអាចលុបបំបាត់សេចក្តីថ្លៃថ្នូររបស់ពួកគេបានឡើយ»
លោកកាឌីណាល់ ចូស អាដវិនគូឡា (Jose Advincula) នៃព្រះសហគមន៍ភូមិភាគទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានប្រកាសបើកកម្មវិធី «សប្តាហ៍នៃការយល់ដឹងអំពីពន្ធនាគារ» លើកទី ៣៩ កាលពីថ្ងៃទី ១៩ ខែតុលា ដោយបានអំពាវនាវឱ្យគ្រីស្តបរិស័ទកាតូលិក លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដែលកំពុងជាប់ឃុំឃាំង និងគាំទ្រដល់ដំណើរការកែប្រែ និងស្តារនីតិសម្បទារបស់ពួកគេ។
នៅក្នុងធម្មទេសនារបស់លោក អំឡុងពេលប្រារព្ធពិធីថ្វាយអភិបូជាបើកកម្មវិធី នៅឯវិហារតូចមួយក្នុងតំបន់អ៊ិនត្រាមូរ៉ូស (Intramuros) ទីក្រុងម៉ានីល លោកកាឌីណាល់ អាដវិនគូឡា បានមានប្រសាសន៍ថា អ្នកទោសពិតជាបានប្រព្រឹត្តកំហុស ប៉ុន្តែពួកគេផ្ទាល់មិនមែនជា «មនុស្សខុស» ទាំងស្រុងនោះទេ ពួកគេនៅតែមានសេចក្តីថ្លៃថ្នូរ។
លោកបានមានប្រសាសន៍បន្តថា យើងមិនលើកលែងចំពោះទង្វើខុសឆ្គងនោះទេ ប៉ុន្តែយើងក៏មិនអនុញ្ញាតឱ្យទង្វើខុសឆ្គងនោះ មកលុបបំបាត់សេចក្តីថ្លៃថ្នូររបស់ពួកគេដែរ។ លោកបានសង្កត់ធ្ងន់ថា ព្រះសហគមន៍ត្រូវតែរក្សាភាពយុត្តិធម៌ ស្របពេលជាមួយគ្នានេះ ក៏ត្រូវទទួលស្គាល់នូវលក្ខណៈជាមនុស្សរបស់បុគ្គលដែលត្រូវបានដកហូតសេរីភាពផងដែរ។
លោកកាឌីណាល់បានលើកឡើងថា មណ្ឌលកែប្រែគួរតែជួយឱ្យអ្នកទោសទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន កសាងទំនាក់ទំនងឡើងវិញ និងត្រៀមខ្លួនសម្រាប់ជីវិតនៅពេលចេញពីពន្ធនាគារ។ លោកបានគូសបញ្ជាក់អំពីតួនាទីរបស់បុគ្គលិកមណ្ឌលកែប្រែ អ្នកប្រឹក្សាយោបល់ អ្នកសង្គមកិច្ច និងអ្នកស្ម័គ្រចិត្ត នៅក្នុងដំណើរការកែប្រែ និងស្តារនីតិសម្បទានេះ។ ការអធិស្ឋាន ការបណ្តុះបណ្តាលជំនាញ និងការរក្សាទំនាក់ទំនងជាមួយគ្រួសារ អាចជួយឱ្យមនុស្សទាំងនោះកសាងជីវិតរបស់ពួកគេឡើងវិញបាន។
