រុស្ស៊ីព្រមានឆ្លើយតបសមស្រប ក្នុងករណីមានការប្រើប្រាស់មីស៊ីលអាម៉េរិកដោយទីក្រុងគៀវ
សហរដ្ឋអាម៉េរិក បានអនុញ្ញាតឲ្យទីក្រុងគៀវ ប្រើប្រាស់មីស៊ីលអាម៉េរិករយៈចម្ងាយឆ្ងាយដើម្បីវាយប្រហាររុស្ស៊ី។ នេះគឺជាការផ្លាស់ប្តូរជាយុទ្ធសាស្រ្តដ៏សំខាន់។ វិមានក្រឹមឡាំងវាយតម្លៃថា លោកចូ បាយឌិន កំពុងចាក់សាំងចូលភ្លើង។
កាលពីថ្ងៃអាទិត្យ បណ្តាញថាមពលអ៊ុយក្រែន ដែលបានចុះខ្សោយរួចហើយ បានប្រឈមនឹងការវាយប្រហារមួយដ៏ខ្លាំងបំផុតរបស់រុស្ស៊ីនៅប៉ុន្មានខែចុងក្រោយនេះ។ យោងតាមអាជ្ញាធរអ៊ុយក្រែន បានឲ្យដឹងថា នេះគឺជាការវាយប្រហារដែលធ្វើឲ្យមានមនុស្សស្លាប់ ៩នាក់ និងរងរបួសជាង ២០នាក់ នៅទូទាំងប្រទេស។ បន្ទាប់មក ទីក្រុងវ៉ាស៊ីនតុន បានផ្តល់ការអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារលើដែនដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាម៉េរិក។ នេះគឺជាព័ត៌មានដែលទទួលដោយប្រយ័ត្នប្រយែងដោយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។
កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ីបានសន្យាធ្វើឲ្យមានការឆ្លើយតបដោយសមរម្យ នៅលើសមរភូមិ នៅក្នុងករណីដែលអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាម៉េរិកមកលើទឹកដីខ្លួន បន្ទាប់ពីមានការផ្តល់ភ្លើងខៀវពីទីក្រុងវ៉ាស៊ីនតុនពាក់ព័ន្ធនឹងរឿងនេះ។ នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យការទូតរុស្ស៊ី លោកស្រីម៉ារីយ៉ា ហ្ស៉ាខារ៉ូវ៉ា បានថ្លែងថា ៖ “ការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដោយទីក្រុងគៀវដើម្បីវាយប្រហារដែនដីរុស្ស៊ី នឹងមានន័យជាការចូលរួមផ្ទាល់ពីសហរដ្ឋអាម៉េរិក ដោយប្រើប្រាស់ផ្កាយរណបរបស់ខ្លួន ព្រមទាំងជាការផ្លាស់ប្តូរដ៏ខ្លាំងក្លានៅក្នុងសារៈសំខាន់ និងធម្មជាតិនៃសង្រ្គាម”។ លោកស្រី បានបន្ថែមថា ៖ “ការឆ្លើយតបរបស់រុស្ស៊ីនៅក្នុងករណីបែបនេះនឹងធ្វើឡើងដោយសមរម្យ និងធ្វើឲ្យចាប់អារម្មណ៍”។
កាលពីថ្ងៃចន្ទដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី បេស្កូវ បានថ្លែងថា ការផ្តល់ការអនុញ្ញាតឲ្យទីក្រុងគៀវ ដោយលោកចូ បាយឌិន ដើម្បីប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាម៉េរិកនៅលើដែនដីរុស្ស៊ី គឺមានធម្មជាតិជាការជះសាំងលើភ្លើងនៅក្នុងជម្លោះនៅអ៊ុយក្រែន។ អ្នកនាំពាក្យក៏បានព្រមានថា បើវាត្រូវបានបញ្ជាក់ជាផ្លូវការដោយទីក្រុងវ៉ាស៊ីនតុន ហើយ ការអនុញ្ញាតនេះនឹងនាំដល់ស្ថានភាពថ្មីជាមូលដ្ឋាន បើនិយាយអំពីការពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិកនៅក្នុងជម្លោះ។
ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសបារាំង លោកហ្ស៉ង ណូអែល បារ៉ូត ក៏បានបញ្ជាក់ឡើងវិញកាលពីថ្ងៃចន្ទថា ការប្រើប្រាស់មីស៊ីលបារាំងដោយកងកម្លាំងអ៊ុយក្រែននៅលើដីរុស្ស៊ីធ្លាប់ស្ថិតនៅជាជម្រើស។ នៅពេលមកដល់ ទីក្រុងប្រ៊ុចសែល ដើម្បីកិច្ចប្រជុំរដ្ឋមន្រ្តីកិច្ចការបរទេស លោកបានបញ្ជាក់ថា ៖ “កាលពីថ្ងៃទី២៥ ខែឧសភា យើងបាននិយាយជាចំហថា នេះគឺធ្លាប់ជាជម្រើសមួយដែលយើងកំពុងពិចារណាថាតើត្រូវអនុញ្ញាតឲ្យវាយប្រហារគោលដៅទាំងឡាយណានៅក្នុងដែលដែនដីរុស្ស៊ី ដែលប្រទេសរុស្ស៊ីប្រើប្រាស់ទីតាំងនោះដើម្បីវាយប្រហារមកលើដែនដីអ៊ុយក្រែន។ លោកបន្ថែមថា ហើយរឿងនេះ ក៏មិនមានអ្វីផ្លាស់ប្តូរដែរ”។
កាលពីថ្ងៃចន្ទនេះ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកបូរីស ចនសុន បានអំពាវនាវដល់ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ ឲ្យអនុញ្ញាតពីឥឡូវតទៅ ឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលពួកគេផ្តល់ឲ្យដើម្បីវាយប្រហារដែនដីរុស្ស៊ី ដូចសហរដ្ឋអាម៉េរិក បានធ្វើកាលពីថ្ងៃអាទិត្យ។ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស បានថ្លែងថា ៖ “រដ្ឋាភិបាលបារាំង និងអង់គ្លេស ត្រូវតែនិយាយថ្ងៃនេះ ថា ខ្លួនផ្តល់ការអនុញ្ញាតដើម្បីប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ប្រភេទ Scalp របស់បារាំង និង Storm Shadow របស់អង់គ្លេស ប្រឆាំងនឹងមូលដ្ឋានយោធារុស្ស៊ីនៅលើទឹកដីរុស្ស៊ី។