រាជរដ្ឋាភិបាលនឹងរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកម្សាន្តខេត្ត៤ នាទិសឥសាន្តដោយឥតគិតថ្លៃចាប់ពីខែក្រោយ

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងអោយដឹងថា ចាប់ពីខែកញ្ញារាជរដ្ឋាភិបាលនឹងរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ជូនប្រជាពលរដ្ឋ និងយុវជនទៅដល់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ដើម្បីបានឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន មើលការអភិវឌ្ឍរបស់ប្រជាជន។

សម្តេចធិបតីបានលើកឡើងដូចនេះ តាមរយៈការថ្លែងសារពិសេស ស្តីពី “សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “ នាល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី បានបញ្ជាក់ថា :«ដោយបានឃើញការបញ្ចេញមតិរបស់បងប្អូនខ្លះថា ចង់ទៅដែរតែអត់លុយ ដូច្នេះឥឡូវនេះរដ្ឋាភិបាលនឹងរៀបចំកម្មវិធីនេះដោយផ្តល់ជូន នូវមធ្យោបាយដឹកជញ្ជូនរថយន្ត និងអាហារដោយមិនគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ពីខែកញ្ញារហូតដល់ខែធ្នូ»

សម្តេចបន្តថា : «ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននឹងទទួលភារកិច្ចនេះ ដើម្បីរៀបចំ និងដាក់ចេញជាព័ត៌មានលម្អិតអំពីការចះុឈ្មោះ និងពេលវេលា ដើម្បីអនុវត្ត»។

សម្តេចធិបតី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនៅភ្នំពេញ យុវជន និស្សិតដែលចង់ទៅមើលចង់ស្គាល់ថាតើនៅព្រំដែនយ៉ាងណា ប្រជាពលរដ្ឋមានជីវភាពយ៉ាងម៉េច តើអាចទេប្រជាពលរដ្ឋទាំងនោះអាចក្លាយទៅជាមិនមែនជាប្រជាពលរដ្ឋខ្មែរ តើអាចទេកម្ពុជានឹងត្រូវបាត់បង់ខេត្តទាំងបួនហើយបាត់បង់អធិបតេយ្យភាព នៃខេត្តទាំងបួន។

«រាជរដ្ឋាភិបាលនឹងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន កសាងផ្លូវការជំរុញអភិវឌ្ឍន៍នៅទីនោះ ក៏ដូចជាការរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដដើម្បីរស់នៅទីនោះ នឹងជួយគាត់កសាងភូមិឃុំអភិវឌ្ឍនៅតាមខេត្តជាប់ព្រំដែនហើយជាពិសេសតំបន់ព្រំដែននេះនឹងមានការជំរុញវិនិយោគិនជាតិទៅអភិវឌ្ឍន៍កាន់តែច្រើន»៕

Daily Program

Livesteam thumbnail