រាជរដ្ឋាភិបាលចំណាយជាង ២០០ពាន់លានរៀល ដល់ស្ត្រីឆ្លងទន្លេ ក្នុង​រយៈពេលជាង៦ឆ្នាំ

​យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបញ្ជាក់ឱ្យដឹងថា​ ​ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទឹកប្រាក់ប្រមាណជាង ២០០ពាន់លានរៀល (ជិត៥០លានដុល្លារអាមេរិក) ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន ស្ត្រីឆ្លងទន្លេជាសមាជិក ប.ស.ស.។

របាយការណ៍បន្តថា ឆ្លងទន្លេជាសមាជិក ប.ស.ស. ដែលទទួលបានប្រាក់ឧបត្ថម្ភនេះ សរុប ចំនួន៤៤០ ៤៩១នាក់ ដែលមានចំនួនកូនសរុប ៤៤៣ ៥៦១នាក់ ក្នុងនោះស្រ្តីសម្រាលកូនភ្លោះពីរ មានចំនួន ៣ ០០៩ នាក់ ស្រ្តីសម្រាលកូនភ្លោះបី មានចំនួន ២៩នាក់ និងស្រ្តីសម្រាលបានកូនភ្លោះបួន មានចំនួន ១នាក់ ។​

លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានចាត់ក្រុមការងារក្រោមឱវាទនាំយកនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ១ ៦០០ ០០០រៀល ដើម្បីបើកផ្ដល់ជូនសមាជិក ប.ស.ស. ម្នាក់ដែលសម្រាលមាតុភាពបានកូនភ្លោះបី នៅមន្ទីរពេទ្យអង្គឌួង ក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ស្ត្រីជាសមាជិក ប.ស.ស ឈ្មោះ ស៊ាន ចំណាន ដែលសម្រាលបានកូនភ្លោះបីរូបនេះ បានសំដែងនូវការអរគុណដោយស្មោះអស់ពីចិត្តចំពោះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។​

សូមបញ្ជាក់ឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តីសម្រាលកូនដែលជាសមាជិក ប.ស.ស. ដែលក្នុងនោះ ស្រ្តីសម្រាលបានកូនមួយទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីទទួលបានប្រាក់ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

 

Daily Program

Livesteam thumbnail