របៀបដែលទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល ត្រៀមខ្លួនប្រឈមនឹងការ គំរាមកំហែង ពី ទីក្រុងព្យុងយ៉ាង
សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានបើកលំហាត់សមយុទ្ធយោធាប្រចាំឆ្នាំ ដែលជាសំខាន់សំដៅទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
ការបាញ់ស្ទាក់មីស៊ីល ការវាយប្រហារតាមផ្លូវអាកាស ឬក៏ជាការបាញ់គ្រាប់ពិត កាលពីដើម សប្តាហ៍ ទីក្រុងវ៉ាស៊ីនតុន និងទីក្រុងសេអ៊ូល បានចាប់ផ្តើមលំហាត់សមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ នៅក្នុងក្របខណ្ឌនៃកម្មវិធី Ulchi Freedom Guardian ដែលបានផ្តួចផ្តើមធ្វើឡើងតាំងពីឆ្នាំ១៩៧៦។ កម្មវិធីនេះដែលប្រមូលផ្តុំទាហានកូរ៉េខាងត្បូងច្រើនជាង 19000 នាក់ នៅឆ្នាំនេះ មានគោលដៅត្រៀមកម្លាំងយោធានៅក្នុងករណីមានការវាយប្រហារពីកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ ហើយដែលទំនាក់ទំនងមានភាពតានតឹងបំផុតជាមួយកូរ៉េខាងត្បូង។ កាលពីដើមឆ្នាំ លោកគីម ជុងអ៊ុន ដែលបានដាក់កំណត់កូរ៉េខាងត្បូងជាសត្រូវចម្បង បានរំលាយចោលទីភ្នាក់ងារដ្ឋាភិបាលសម្រាប់ការបង្រួបបង្រួមកូរ៉េ និងសម្រាប់ទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល និងគំរាមប្រកាសសង្រ្គាមប្រសិនបើអ្នកជិតខាងនេះ ឈ្លានពានទឹកដីកូរ៉េខាងជើងសូម្បី ០,០០១ មីលីម៉ែត្រ។
កាលពីថ្ងៃចន្ទ នៅក្នុងអំឡុងកិច្ចប្រជុំគណរដ្ឋមន្រ្តី លោកយូន សុកយ៉ុល ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ៖ “សព្វថ្ងៃនេះ យើងប្រឈមមុខនឹងការបង្កហេតុ និងការគំរាមកំហែងរបស់កូរ៉េខាងជើងដល់ចំនុចគ្រោះថ្នាក់ និងគ្មានហេតុផលបំផុត។” ទន្ទឹមនឹងលំហាត់សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាម៉េរិក ដែលមានរយៈពេលជាង ១០ថ្ងៃ ទីក្រុងសេអ៊ូល ក៏នឹងត្រៀមរៀបចំលំហាត់ការពារខ្លួនរបស់ប្រជាជនស៊ីវិល ដែលសំដៅត្រៀមបង្ការឲ្យបានល្អប្រសើរនៅពេលមានការបញ្ជូនជាយថាហេតុពីកូរ៉េខាងជើងនូវបាល់ឡុងដែលពោរពេញដោយសម្រាម ហើយក៏អាចមានការវាយប្រហារដោយដ្រូនផងដែរ ដែលនេះគឺជាយុទ្ធសាស្រ្តរបស់កូរ៉េខាងជើងដែលធ្វើឲ្យច្របូកច្របល់រយៈពេល ៧០ឆ្នាំ មកហើយ។ យោងតាមអាជ្ញាធរកូរ៉េខាងត្បូង ប្រតិបត្តិការបំភ័ន្ត GPS ក៏បានកើតមានឡើងជាច្រើនថ្ងៃចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ ផងដែរ។
នៅឯភាគីម្ខាងទៀត ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបរិហារអំពីលំហាត់សមយុទ្ធយោធាជាមួយទីក្រុងវ៉ាស៊ីនតុន និងពិព៌នាវាថា គឺគ្រោះថ្នាក់ និងធ្ងន់ធ្ងរ។ ប្រទេសកូរ៉េខាងជើងថ្កោលទោសការធ្វើសមយុទ្ធនេះតាំងពីយូរមកហើយ ហើយកូរ៉េខាងជើងចាត់ទុកថា នេះគឺជាការប៉ុនប៉ងឈ្លានពានកូរ៉េខាងជើងម្តងហើយម្តងទៀត។ លោកគីម ជុងអ៊ុន បាននិយាយឡើងវិញកាលពីខែកុម្ភៈថា ទីក្រុងព្យុងយ៉ាងមិនញញើតនឹងបំផ្លាញកូរ៉េខាងត្បូងនៅក្នុងករណីមានការវាយប្រហារ។ នៅខែមករា ប្រទេសកូរ៉េខាងជើង ក៏បានបាញ់ផ្លោងគ្រាប់កាំភ្លើងធំនៅជិតកោះពីរនៅព្រំដែនកូរ៉េខាងត្បូង ដែលនាំឲ្យអាជ្ញាធរតំបន់សុំឲ្យប្រជាជនស្វែងរកទីជម្រកសុវត្ថិភាព។
ចំណែកលោកយូន សុកយ៉ុល បានអំពាវនាវឲ្យមានការឆ្លើយតបម៉ឺងម៉ាត់ ខ្លាំងក្លា និងមិនញញើត ដើម្បីបំផ្លាញទាំងស្រុងនូវឆន្ទៈរបស់សត្រូវក្នុងករណីមានការបង្កហេតុថ្មី។
ទោះបីជាយ៉ាងណា ប្រមុខកូរ៉េខាងត្បូងបានអំពាវនាវនៅអំឡុងការបោះឆ្នោតនីតិបញ្ញត្តិកាលពីខែមេសា ឲ្យសហគមន៍អន្តរជាតិគាំទ្រកិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមជ្រោយឧបទ្វីបកូរ៉េ។ លោកបានថ្លែងថា ៖ ”កិច្ចខិតខំប្រឹងប្រែងបង្រួបបង្រួមកូរ៉េត្រូវតែក្លាយជាប្រភពនៃក្តីសង្ឃឹម និងការបំភ្លឺសម្រាប់ប្រជាជនកូរ៉េខាងជើង។”
ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានវាយតម្លៃថា ការពង្រឹងទំនាក់ទំនងជាមួយទីក្រុងតូក្យូ បានចូលរួមចំណែកប្រឆាំងនឹងការគំរាមកំហែងយោធាដែលកើនឡើងជានិច្ចកាលពីសំណាក់កូរ៉េខាងជើងផងដែរ។