រដ្ឋាភិបាលហ្វីលីពីនសន្យាផ្តល់ថវិកាគាំទ្រកម្មវិធីអាហារូបត្ថម្ភកុមារ

រដ្ឋាភិបាលហ្វីលីពីនបានប្រកាសធានាដល់ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិករបស់ប្រទេសថា ខ្លួននឹងផ្តល់ប្រាក់រាប់ពាន់លានប៉េសូដើម្បីដោះស្រាយនូវអ្វីដែលថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិក បានពណ៌នាថាជាវិបត្តិជាតិខាងអាហារូបត្ថម្ភ និងការអប់រំកុមារ។
នៅក្នុងលិខិតចុះថ្ងៃទី ១៤ ខែសីហា នាយកដ្ឋានថវិកា និងការគ្រប់គ្រងរបស់ហ្វីលីពីន បានប្រាប់ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកហ្វីលីពីនថា ខ្លួនបានចាត់វិធានការរួចហើយដើម្បីដោះស្រាយនូវបញ្ហាដែលលើកឡើងដោយក្រុមលោកអភិបាល។
លោកស្រី ម៉ាកហ្គោ សាល់សេដូ (Margaux Salcedo ) អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការនេះ បាននិយាយថា កញ្ចប់មូលនិធិ ប្រហែល ១៧ លានដុល្លារនឹងដាក់ចេញដើម្បី បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារសម្រាប់តំបន់នានា។
លោកស្រី បាននិយាយថា គម្រោងនេះផ្តល់អាទិភាពដល់ក្រុងដែលមានចំណូលទាប ដែលកំណត់ដោយនាយកដ្ឋានអប់រំ ស្របតាមការរកឃើញរបស់គណៈកម្មការសភាស្តីពីកំណែទម្រង់អប់រំ។
លោកស្រីក៏បានគូសបញ្ជាក់ពីវិធានការនេះធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការក្រិន និងកង្វះអាហារូបត្ថម្ភ ដែលជាបញ្ហាប៉ះពាល់ដល់កុមារហ្វីលីពីនជាងមួយភាគបួននៃកុមារអាយុក្រោម ៥ ឆ្នាំ៕
Daily Program
