រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការដោះស្រាយបញ្ហា ផ្ទះបណ្តែតទឹកនិងបែចិញ្ចឹមត្រី ជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១០ កក្កដាកន្លងទៅបានចេញនូវសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បី ដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និង បែចិញ្ចឹមត្រីស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ជាវិធានការ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។

យោងតាមសេចក្តីសម្រេច គណៈកម្មការចំពោះកិច្ច មានលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន អមដោយអនុប្រធានចំនួន៥នាក់ និងសមាជិកជាច្រើនរូប ក្នុងនោះក៏មានអភិបាលខេត្តទាំង៥នាក់ជុំវិញបឹងទន្លេសាបផងដែរ។

បើតាមសេចក្តីសម្រេច ការបង្កើតគណៈកម្មការចំពោះកិច្ច គឺដើម្បីរៀបចំផែនការសម្រាប់ធ្វើការបម្លាស់ទីផ្ទះ បណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំតម្រង់ទិសក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈចម្រុះ និង ប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។គ្រប់គ្រងស្ថិតិផ្ទះ និងបែចិញ្ចឹមត្រី និងចំនួនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិដល់គណៈកម្មការចំពោះកិច្ច ដើម្បីចាត់វិធានការហាមឃាត់ ទប់ស្កាត់ និង រុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មីបន្ថែមលើទឹក សិក្សា និងរៀបចំសណ្តាប់ធ្លាប់ ដោយកំណត់តំបន់អាចបន្តរស់នៅលើទឹកបាន និងតំបន់តែត្រូវហាមឃាត់។ការប្តូរទីតាំងរស់នៅមកនៅលើដីគោកវិញជាជំហានៗដោយមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធជាដើម៕

Daily Program

Livesteam thumbnail