យុវសិស្ស១៧នាក់ស្លាប់ដោយការទម្លាក់គ្រាប់បែកនៅមីយ៉ាន់ម៉ា

យ៉ាងហោចណាស់យុវសិស្សចំនួន ១៧ នាក់បានស្លាប់ និង ២០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយរដ្ឋាភិបាលទៅលើសាលារៀនមួយក្នុងទីក្រុង Depayin ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។
រដ្ឋាភិបាលរួបរួមជាតិ បានអះអាងកាលពីថ្ងៃទី ១២ ឧសភាថា ការវាយប្រហារបានកើតឡើងនៅតំបន់ Depayin តំបន់ Sagaing ដែលជាតំបន់កាន់កាប់ដោយក្រុមប្រឆាំងរួចហើយ បន្ទាប់ពីមានការបំផ្លិចបំផ្លាញនៃការរញ្ជួយដីកាលពីថ្ងៃទី ២៨ ខែមីនា។
អ្នកនាំពាក្យរដ្ឋាភិបាលរួបរួមជាតិ លោក ណាយ ហ្វូន ឡាត ( Nay Phone Latt )បានបញ្ជាក់ពីអ្នកស្លាប់ និងរបួសដោយបន្ថែមថា "មនុស្សមួយចំនួនអាចនឹងបាត់ខ្លួន ដោយសារកាទម្លាក់ គ្រាប់បែក ដូច្នេះចំនួនអ្នកស្លាប់អាចខ្ពស់ជាងនេះ"។
សាលាគោលដៅត្រូវបានដំណើរការដោយរដ្ឋាភិបាលរួបរួមជាតិ ដែលរួមមានមន្ត្រីជាប់ឆ្នោតដែលត្រូវបានបណ្តេញចេញពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ និងក្រុមប្រឆាំងរដ្ឋាភិបាលសម្ព័ន្ធមិត្ត។
ឧប្បត្តិហេតុនេះបានកើតឡើង បើទោះបីជាមានការប្រកាសបទឈប់បាញ់ដោយយោធាបន្ទាប់ពីការរញ្ជួយដីដែលថ្មីៗនេះត្រូវបានពន្យារពេលដល់ថ្ងៃទី ៣១ ខែឧសភាដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌។
របបយោធាមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារតាមអាកាសនោះទេ។ ទោះបីជាបទឈប់បាញ់មួយត្រូវបានប្រកាសនៅដើមខែមេសា និងបានបន្ទរដោយក្រុមតស៊ូជាច្រើនក៏ដោយ ក៏របាយការណ៍នៃការបន្តការវាយប្រហារតាមអាកាស និងកាំភ្លើងធំបានលេចចេញមកពីតំបន់ផ្សេងៗដែលរងផលប៉ះពាល់ដោយជម្លោះ។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅក្នុងជម្លោះស៊ីវិលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១ ដោយរបបយោធាកំពុងប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងក្លាពីក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងដែលមានសម្ព័ន្ធមិត្តនឹងរដ្ឋាភិបាលរួបរួមជាតិ៕
Daily Program
