យុទ្ធនាការជាតិដើម្បីទប់ស្កាត់ការរងរបួសចំពោះកុមារចាប់ផ្តើម
ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ដំណើរការយុទ្ធនាការជាតិចំនួនពីរ ដើម្បីទប់ស្កាត់ការស្លាប់របស់កុមារពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខចំនួនពីរនៅក្នុងចំណោមមូលហេតុនាំមុខគេនៃការស្លាប់របស់កុមារ និងយុវជន
នាពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក គឺជាមូលហេតុនាំមុខគេចំនួនពីរក្នុងចំណោមបុព្វហេតុនាំមុខគេនៃការស្លាប់របស់កុមារនៅប្រទេសកម្ពុជា ដែលបានធ្វើឱ្យកុមាររាប់ពាន់នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ ដោយមានការគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ដំណើរការយុទ្ធនាការរួមគ្នា ដើម្បីការពារអាយុកុមារពីសោកនាដកម្មដែលអាចបង្ការបាននេះ។
នៅឆ្នាំ២០២៣ តែមួយប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានសម្លាប់មនុស្សចំនួន ១.៥៩០នាក់ ពោលគឺ ជាមធ្យម មនុស្សប្រាំនាក់បានបាត់បង់ជីវិតជារៀងរាល់ថ្ងៃ និងបង្ករបួសដល់មនុស្សចំនួនច្រើនជាង ៤.៥០០នាក់ ដែលកុមារ និងយុវជនមានចំណែកខ្ពស់បំផុត1។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករនាំមុខគេ ដែលសម្លាប់អាយុជីវិតរបស់យុវជនអាយុចន្លោះពី ១៥-១៩ឆ្នាំ2 នៅក្នុងពិភពលោក។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមានការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខ្ពស់បំផុតចំពោះកុមារ និងយុវវ័យ ដោយស្ថិតនៅលំដាប់កំពូលទីបី3។
ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាពសាធារណៈពាក់ព័ន្ធនឹងការលង់ទឹករបស់កុមារ ដែលធ្វើឱ្យកុមារចំនួន ១.៣០០នាក់ បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ ស្ថិតិដ៏សោកសៅនេះធ្វើឱ្យកម្ពុជាស្ថិតនៅក្នុងចំណោមប្រជាជាតិ ដែលមានអត្រាលង់ទឹកខ្ពស់បំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច4។ អត្រាលង់ទឹករបស់ប្រទេសកម្ពុជាស្ថិតក្នុងកម្រិត ៧,៦ នាក់ ក្នុងចំណោម ១០០.០០០នាក់ ដែលជាចំនួនស្ទើរតែទ្វេដងនៃចំនួនមធ្យមថ្នាក់តំបន់ (៤,៣នាក់ក្នុងចំណោម ១០០.០០០នាក់) និងច្រើនជាងពីរដងនៃអត្រាសកល (៣,៨នាក់ក្នុងចំណោម ១០០.០០០នាក់)។ ការលង់ទឹក គឺជាមូលហេតុនាំមុខនៃការស្លាប់របស់កុមារអាយុ ៥ ទៅ ១៤ឆ្នាំនៅកម្ពុជា។4
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា
ការប្រែប្រួលអាកាសធាតុកំពុងបង្កើនហានិភ័យទាំងនេះ៖ ការធ្លាក់ភ្លៀងមូសុងកាន់តែខ្លាំង និងកាន់តែញឹកញាប់ បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ដែលធ្វើឱ្យកុមារប្រឈមនឹងហានិភ័យកាន់តែខ្ពស់ចំពោះការលង់ទឹក ស្របពេលដែលព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗបង្កើនហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
“នៅពីក្រោយតួលេខនីមួយៗ គឺជាសាច់រឿងនៃការបាត់បង់ ពោលគឺ កុមារដែលនឹងមិនវិលត្រលប់មកផ្ទះវិញ គ្រួសារដែលមានភាពសោកសង្រេង និងសហគមន៍ដែលបាត់បង់អនាគតរបស់ខ្លួន។ កុមារគ្រប់រូបមានសិទ្ធិធំលូតលាស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ ប៉ុន្តែជារៀងរាល់ថ្ងៃ កុមារនៅកម្ពុជាទទួលរងការបាត់បង់ជីវិត ឬរបួសដោយសារមូលហេតុជាច្រើន ដែលយើងអាចទប់ស្កាត់បាន” នេះជាសម្ដីរបស់បណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជា។
លោកថ្លែងបន្ថែមទៀតថា “ទោះជាដំណោះស្រាយមួយ គឺជាការមានការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ការបន្ថយល្បឿននៅជិតសាលារៀន ឬការបង្រៀនកុមារអំពីរបៀបហែលទឹក ឬការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវទឹកក្ដី ដំណោះស្រាយទាំងនោះមានលក្ខណៈច្បាស់លាស់។ ដោយធ្វើការងាររួមគ្នា យើងអាច និងត្រូវតែបញ្ឈប់សោកនាដកម្មដែលអាចបង្ការបានទាំងនេះ តាមរយៈការជំរុញការផ្លាស់ប្ដូរប្រកបដោយបរិវត្តកម្ម និងការធ្វើឱ្យការបង្ការទប់ស្កាត់របួសរបស់កុមារជាចំណុចសំខាន់នៃសកម្មភាពរបស់សហគមន៍ គោលនយោបាយ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។”
ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើងពាក់ព័ន្ធនឹងរបួសកុមារ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងសុខាភិបាល កំពុងរួមកម្លាំងគ្នាជាមួយយូនីសេហ្វ និងដៃគូសំខាន់ៗក្នុងការធ្វើឱ្យការបង្ការទប់ស្កាត់ក្លាយទៅជាអាទិភាពជាតិ។
ដោយមានកិច្ចគាំទ្រពីយូនីសេហ្វ និងដៃគូ រាជរដ្ឋាភិបាលកម្ពុជាកំពុងអំពាវនាវឱ្យអាជ្ញាធរសាធារណៈ រួមមាន ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន ឪពុកម្ដាយ បណ្ដាញយុវជន ប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនវិស័យឯកជន សហគមន៍ និងបុគ្គលម្នាក់ៗ ដឹកនាំផ្សព្វផ្សាយសារអប់រំអំពីសុវត្ថិភាព៕



Daily Program
